កំពង់ស្ពឺ=នៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញបើកពិធីសម្ពោធអាគាសិក្សាថ្មីមួយខ្នងដែលបានកសាងដោយកងវិស្វកម្មកងទព័ជើងគោកអាមេរិច តាមរយៈលោកស្រី JULY CHUNG អនុប្រធានបេសកម្មអមស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា ដែលបានផ្តល់ជូនសាលារស្មីសាមគ្គី ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមប្រសាសន៏លោកស្រី JULY CHUNG អនុប្រធានបេសកម្មអមស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជាបានឲ្យដឹងថាអាគារសិក្សាដែលបានផ្តល់ជូនតាមរយៈទាហានវិស្វកម្មសហរដ្ឋអាមេរិចនាថ្ងៃនេះអគារសម្រាប់រៀបមួយខ្នង មាន១៤បន្ទប់ ក្នុងនោះថ្នាក់រៀន១២បន្ទប់ បន្ទប់គ្រូ០២បន្ទប់ បន្ទប់ទឹកមាន០១ខ្នង ០៧បន្ទប់ ក្នុងនោះមានឃ្លាំងសម្រាប់ដាក់សម្ភារៈ០១បន្ទប់ អាងទឹក ០១ទំហំ៥០ម៉ែត្រគូប ប្រពន្ធ័ការពាររន្ទៈ ប្រពន្ធ័សូឡាមាន៤បន្ទៈដែលអាចផ្តល់ថាមពលបាន ៣១,៣៦KWH ទីធ្លាដងទង់ជាតិ មានបន្ទប់សម្រាប់(ជនពិការ)ផងដែរ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺតំណាងឲ្យពលរដ្ឋក្នុងខេត្តទាំងមូលបានលើកឡើងថា សូមថ្លែងនៅអំណរគុណចំពោះប្រជាពលរដ្ឋអាមេរិច កងទាហានវិស្វកម្មអាមេរិច ជាពិសេសតាមរយៈលោកស្រី JULY CHUNG អនុប្រធានបេសកម្មអមស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា ដែលបានធ្វើអំណោយដោយថ្លៃថ្លាចំពោះសាលាដ៏ពិសេសសម្រាប់កូនចៅបងប្អូនប្រជាពលរដ្ឋនៅទីនេះ ។ មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិចបានចូលរួមយ៉ាងសកម្មរួមចំណែកដល់វិស័យអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ ។លោកអភិបាលខេត្តបានបញ្ជាក់ដែរថា ក្នុងនាមយើងជាអ្នកទទួលបាននៅអំណោយដ៏ឧត្តមនេះ ត្រូវនាំគ្នាថែរក្សា សមិទ្ធផលទាំងនេះឲ្យបានគង់វង្សយូអង្វែង ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ រួមទាំងការចងចាំមិត្តភាពយូអង្វែងរបស់ប្រជាជន កងទព័ ស្ថានទូត សហរដ្ឋអាមេរិចទៅថ្ងៃអនាគតផងនោះដែរ ៕