ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦នេះ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ឋពិធីប្រឡងបញ្ចប់ វគ្គហ្វឹកហ្វឺនជំនាញត្រែទ័ព ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា សឿន មេបញ្ជាការរង កងពលធំ អន្តរាគមន៍លេខ៣ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដែលមានសិក្ខាកាមចូលរួមមកពី ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣; កងពលតូច អន្តរាគមន៍លេខ៧; លេខ៨ និងលេខ៩ អស់រយ:ពេល ០៣ខែ ចាប់ពីថ្ងៃទី១៧ ខែ កក្កដា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដោយទទួលបានលទ្ឋផលល្អប្រសើរគួរជាទីមោទន:។
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា សឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលជានិច្ចកាល ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត តែងតែជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាងទាំងស្មារតី និងសម្ភារ: ដល់កងពលធំអន្តរាគមន៍លេខ៣ ជារហូត រៀងមក។ ជាពិសេសសំរាប់សិក្ខាកាម ដែលបានប្រលងបញ្ចប់វគ្គនាពេលនេះ គឺជាការជួយឧបត្ថម្ភគាំទ្រទាំងស្រុង ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ទាំងគ្រូហ្វឹកហ្វឺន ក៍ដូចជាឧបករភ្លេងសំរាប់ហ្វឹកហាត់ជាដើម ហើយ កងពលធំ មានសង្ឃឹមយ៉ាងមុតម៉ាំថា ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត នឹងបន្តជួយដល់កងពលធំជាបន្តទៀត។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ កងពលធំអន្តរាគមន៍លេខ៣ នឹងបន្តកិច្ចខិតខំប្រឹងប្រែងការហ្វឹកហាត់បង្កើននូវ សមត្ថភាពគ្រប់ជំនាញ ដល់នាយ និងពលទាហាន ចំណុះកងពលធំអន្តរាគមន៍លេខ៣ទាំងមូល ដើម្បីឆ្លើយតបបាន នូវភារកិច្ចការពារជាតិមាតុភូមិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ៕