ដោយ ប៊ុន រដ្ឋា
កំពង់ធំៈ ដើម្បីឲ្យកងកម្លាំងមានវិន័យ និងសេចក្តីថ្លៃថ្នូរ គោរពប្រនិបត្តិតាមលក្ខ័ណរបស់កងទ័ព ចាំបាច់ត្រូវបានដុះខាត់ ប្រជុំនិងពង្រឹងនូវគោលជំហរ សតិអារម្មណ៍ និងការបង្រួបបង្រួមចំណងសាមគ្គីភាពរវាងកងកម្លាំង និងថ្នាក់ដឹកនាំ ឲ្យទទួលបាននូវគុណភាពខ្ពស់ ដើម្បីត្រៀមខ្លួនជាស្រេចដើម្បីការពារជាតិមាតុភូមិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។
ពិធីបើកវគ្គសិក្សារៀនសូត្រ និងផ្សព្វផ្សាយគោលការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ស្តីពីការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងផ្សព្វផ្សាយដោយលោកវរសេនីយ៍ឯក ង៉ាង ស មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
នៅក្នុងឳកាសបើកវគ្គសិក្សាដល់សិក្ខាម ឯកឧត្តម ឧត្ដមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តាំផ្ញើរ និងសង្កត់ធ្ងន់ទៅលើ៣ចំនុច ទី១ ក្នុងនាមជាកងកម្លាំងត្រូវមានការស្មោះត្រង់ជាមួយនឹងអង្គភាព ជាមួយនឹងថ្នាក់ដឹកនាំ ជាមួយនឹងអង្គភាព និងស្មោះត្រង់ជានិច្ចជាមួយរាជរដ្ឋាភិបាលស្របច្បាប់ គឺតួនាទីការពារស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ បើយើងជាកងយោធពលខេមរភូមិន្ទ មិនមានភាពស្មោះត្រង់ចំពោះជាតិទេ យើងមិនមែនជាកងយោធពលខេរភូមិន្ទនោះទេ ។
ទី២ សំដៅទៅលើ ក្នុងនាមយើងជាទាហាន ត្រូវចំបាច់បំផុត គឺគោរពវិន័យ គោរពពេលវេលា គោរពការចាត់តាំង គោរពនូវបទបញ្ជារ និងសេចក្តីថ្លៃថ្នូរ យោធាគឺចាំបាច់ត្រូវតែគោរពបទបញ្ជា វិន័យគឺជាបញ្ហាសំខាន់ណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ បើសិនជាយើងមិនគោរពវិន័យ គោរពម៉ោង គោរពវេលា និងការចាត់តាំងផ្សេងៗគឺមិនមែនជាទាហានទេ ។
ទី៣ ជម្រុញឲ្យកងកម្លាំង ទាំងអស់សិក្សារៀនសូត្រ នូវប្រព័ន្ឋបច្ចេកវិជ្ជាទំនើប សម្រាប់ការទំនាក់ទំនង បានឆាប់រហ័ស អ្វីការងារអ្វីៗមិនចាំបាច់ផ្ញើរសំបុត្រដូចសម័យមុននោះទេ ដែលវានាំឲ្យខាតបង់ពេលវេលាយូរ ដូច្នេះសំណូមពរឲ្យ កងកម្លាំង តាមបណ្តាស្រុកក្រុង និងវរៈសេនាតូចទាំង២ ខិតខំសិក្សាពីប្រព័ន្ឋព័ត៌មានបច្ចេកវិជ្ជាទំនើប ដើម្បីងាយស្រួលក្នុងការធ្វើការ ក្នុងអង្គភាព ដូចជាប្រព័ន្ឋហ្វត់អាប់ ឡាញ តេឡេក្រាម ហ្វាយបឺរ ក្នុងការបញ្ជូនព័ត៌មាន៕