ខេត្តកំពត៖ កាលថ្ងៃទី១៨ខែ តុលាឆ្នាំ២០១៦ បានធ្វើពិធីប្រកាស ចូលកាន់មុខតំណែងជាអភិបាល និងអភិបាលរង ស្រុកចំនួន២ គឺស្រុកទឹកឈូ និងកំពង់ត្រាច។ ពិធីនេះ បានប្រព្រឹត្តធ្វើឡើង នៅដាច់ដោយឡែកពីគ្នា ក្នុងនោះនៅរដ្ឋបាលស្រុកទឹកឈូ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯ.ឧ ចាន់-ចេស្ដា អភិបាលនៃគណៈអភិបាលខេត្ត និងនៅរដ្ឋបានស្រុកកំពង់ត្រាច ក្រោមអធិបតីភាពតំណាង ឯ.ឧចាន់-ចេស្ដាអភិបាលខេត្ត ដោយឯ.ឧ ស៉ឹម-វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្ត។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្ទេរភារកិច្ច មន្ត្រីរាជការ គឺត្រូវបានសម្រេចផ្ទេរ លោកនាក់-សុវណ្ណារី ពី អភិបាលក្រុងកំពត ឲ្យមកកាន់មុខតំណែងជាអភិបាលស្រុកទឹកឈូជំនួស លោក អ៊ុក-ឡាយអតីតៈអភិបាលស្រុកទឹកឈូដែលត្រូវបានចូលនិវត្តន៍ និងយោងតាមប្រកាស របស់ ប្រសួងមហាផ្ទៃ ស្ដីពីការតែងតាំង មន្ត្រីរាជការ គឺត្រូវបានសម្រេច តែងតាំងលោកឃឹម-សាមីឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ឲ្យកាន់មុខតំណែង ជាអភិបាលរងស្រុក។
មានប្រសាសន៍សំណេះសំណាល នៅក្នុងអង្គពិធីឯ.ឧ ចាន់-ចេស្ដាអភិបាលខេត្ត និងឯ.ឧ ស៉ឹម-វុទ្ធា អភិបាលរងខេត្ត បានកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លំាងប្រដាប់អាវុធ មន្ត្រីរាជការ ដែលតែងតែបានសហការគ្នាល្អក្នុងការកសាង អភិវឌ្ឍន៍ ព្រមទាំងថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសេវា សាធារណៈជូនប្រជាពលរដ្ឋ នៅក្នុង មូលស្រុកនីមួយៗ បានយ៉ាងល្អប្រសើរ។ ជាមួយក្នុងឱកាសនោះគណអធិបតី ក៏បានផ្ដាំផ្ញើដល់អភិបាលស្រុក និងអភិបាលរងស្រុក ដែលទើបចូលកាន់តំណែងថ្មី និងអភិបាលរងស្រុកដែលទើបតែងតាំងថ្មីនាពេលនេះ ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លំាងប្រដាប់អាវុធ បន្តយកចិត្តទុកដាក់សហការ កសាងអភិវឌ្ឍន៍មូលដ្ឋាន និងពង្រឹង ថែរក្សាការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ពិសេសត្រូវជម្រុញពង្រឹងអនុវត្តន៍ច្បាប់ និងបម្រើសេវាសាធារណៈ ទាំងសេវាសណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ៕