សៀមរាប៖ ប្រធានគណកម្មាធិការ សិទ្ធិមនុស្សកម្ពុជា គឺលោក កែវ រ៉េមី ។ លោកបានមានប្រសាសន៍ ទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មគ្គុទ្ទេសក៏ទេសចរណ៍ និងយុវជនប្រមាណជិត២០០នាក់ នៅក្នុងបទបង្ហាញ ស្ដីពីសិទ្ធិនិងការអនុវត្តន៍ច្បាប់ នៅឯខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៦នេះថា រដ្ឋាភិបាលបច្ចុប្បន្ន បានលើកស្ទួយនិងគោរពសិទ្ធិមនុស្ស ទៅតាមបទដ្ឋានអន្តរជាតិទាំងឡាយ យ៉ាងខ្ជាប់ខ្ជួន។ស្ថានភាពលើកស្ទួយ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជា គឺសំបូរបែប និងសេរីភាពយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ព្រមទាំងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក។
លោក កែវ រ៉េមី បន្តថាកម្ពុជា ជាប្រទេស ប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស កំពុងលើកស្ទួយសិទ្ធិមនុស្ស ព្រមទាំងសេរីភាពគ្រប់យ៉ាង សម្រាប់សង្គមនិងប្រជាពលរដ្ឋ ក្នុងពេលដែលប្រទេសជិតខាងខ្លះ នៅក្នុងតំបន់មិនមានការបោះឆ្នោតដោយសេរី មិនមានសិទ្ធិធ្វើនយោបាយ សិទ្ធិសេរីភាពបញ្ចេញមតិ ព្រមទាំងសិទ្ធិសេរីភាពខាងសារពត៌មាន ផងនោះ។
លោក កែវ រ៉េមី បន្តទៀតថា បច្ចុប្បន្នរដ្ឋាភិបាល បានបើកចំហរគ្រប់យ៉ាងទាំងសិទ្ធិនយោបាយ ទាំងអង្គការក្រៅរដ្ឋាភិបាល ដែលបង្កើតឡើង គឺសំបូរបែបយ៉ាងខ្លាំង ប្រៀបដូចឋានសួគ៌ នៃសេរីភាព។
ការបង្ហាញឱ្យឃើញនូវការលើកស្ទួយនិងគោរពសិទ្ធិមនុស្ស របស់រដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីកាលពីចុងសប្ដាហ៍មុន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចង់ឃើញការគោរពសិទ្ធិមនុស្សពេញលេញនិងអនុវត្តច្បាប់ឱ្យស្មើភាពគ្នាសម្រាប់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប។
ទោះជាយ៉ាងណា ប្រធានផ្នែកស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ(LICADHO)លោក អំ សំអាត កត់សំគាល់ឃើញថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន នៅមិនទាន់មានការគោរពសិទ្ធិមនុស្សព្រមទាំងសេរីភាពនៃការបញ្ចេញមតិ ឱ្យបានពេញលេញនៅឡើយទេ។
លោក អំ សំអាត ទទួលស្គាល់ថាជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជា គឺជាប្រទេសដែលបានផ្ដល់សច្ចាប័ន និងហត្ថលេខី ទៅលើបទដ្ឋានអន្តរជាតិ សេចក្តីប្រកាសជាសកល កតិការសញ្ញាស្ដីពីសិទ្ធិមនុស្ស សង្គមនិងវប្បធម៌ ច្រើនជាងគេមែន នៅក្នុងតំបន់ ហើយក៏បានចែងនៅក្នុងរដ្ឋធម្មនុញ្ញផងដែរ។ប៉ុន្តែ រដ្ឋាភិបាលមិនបានគោរព សិទ្ធិមនុស្ស ទៅលើបទដ្ឋានមួយចំនួនទេ។
ប្រធានគណកម្មាធិការសិទ្ធិមនុស្ស កម្ពុជាបានបង្ហាញប្រតិកម្មថាប្រសិនបើអ្នកណាមួយដែលរិះគន់ថារដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន មិនគោរពសិទ្ធិមនុស្ស គេគួរតែសម្លឹងមើលទៅសហរដ្ឋអាមេរិក ដែលគេតែងតែចាត់ទុកថា ជាបិតានៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងពិភពលោក ថាតើបច្ចុប្បន្នអាមេរិកមានការគោរពសិទ្ធិមនុស្ស បានពេញលេញ ព្រមទាំងបំបាត់ចោលការរើសអើងទាំងស្រុង រវាងស្បែកស និងស្បែកខ្មៅហើយឬនៅ?៕