សៀមរាប៖ ស្ត្រីទើបឆ្លងទន្លេរួចចំនួន៣០គ្រួសារនៅឃុំស្វាយដូនកែវ ស្រុកពួក និងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ព្រមទាំងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ តាមរយៈ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ។ សម្ភារៈទ្រទ្រង់សុខុមាលភាពម្តាយនិងទារកដែលចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចនោះ មាន ដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង និងខោអាវទារក ។
ទន្ទឹមគ្នានេះដែរ ប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក ឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជ្រាបចំណេះដឹងដល់ពួកគាត់ឲ្យបានយល់ស្តីពីតួនាទីភារកិច្ចអាជ្ញាធរជាតិអប្សរាចំពោះការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ ច្បាប់ការពារបេតិកភណ្ឌ ផលប្រយោជន៍ដែលទទួលបានពីបេតិកភណ្ឌ និងតួនាទីភារកិច្ចរបស់ពួកគាត់ ដែលត្រូវចូលរួមគ្នាជួយថែរក្សាការពារនូវសម្បត្តិបេតិកភណ្ឌដូនតាដ៏មហាសាល មិនអាចកាត់ថ្លៃក្នុងនាមពួកគាត់រស់នៅក្នុងតំបន់បេតិកភណ្ឌដែរ។
សកម្មភាពទាំងនេះបញ្ជាក់ឲ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្ពស់ពីថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខប្រជាពលរដ្ឋ ស្រ្តីទើបឆ្លងទន្លេរួច និងសម្បត្តិបេតិកភណ្ឌដូនតាដែលបានបន្សល់ទុកមកក្នុងតំបន់ឧទ្យានអង្គរ ដើម្បីលើកកម្ពស់សុខុមាលភាពម្តាយនិងទារក បង្កើនភាពស្និទ្ធស្នាលធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ និងថែរក្សានូវមរតកបេតិកភណ្ឌទាំងនោះឲ្យនៅគង់វង្សដល់កូនចៅជំនាន់ក្រោយទៀត ៕