កំពង់ឆ្នាំង៖ ជនល្មើស២នាក់រួមនិងសាប៊ូក្លែងក្លាយ៣១កេះ រថយន្តទូរីស១គ្រឿង ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅពេលពួកគេ ធ្វើសកម្មភាពលក់ដូរចែកចាយនៅក្នុងផ្សារស្រុកកំពង់ត្រឡាច បន្ទាប់ពីក្រុមហ៊ុនសាប៊ូដើមដាក់បណ្តឹងជូនសមត្ថកិច្ច អោយស្វែងរកចាប់ខ្លួនជាច្រើនថ្ងៃកន្លងមក។
ករណីបង្ក្រាប ការរំលោភច្បាប់កម្មសិទ្ធបញ្ញាខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ នៅផ្សារសាលាលេខ៥ ក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច។ លោក ជិន សុផាត នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា ៖ ជនល្មើសទាំង២នាក់នេះ ១ឈ្មោះ លីម ថែ
ចូវ ភេទប្រុស អាយុ៣៦ឆ្នាំ , ២ឈ្មោះ វៀង យ៉ាំងញឹក ភេទប្រុស អាយុ២៤ឆ្នាំ គេទាំង២ជាជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម អត់មានលិខិតឆ្លងដែនទេ ពួកគេបានយកផលិតផលសាប៊ូ Feira និង Swtouch ក្លែងក្លាយមកច្រកក្នុងដបដែលមានភិនភាគស្រដៀងនិងផលិតផលសាប៊ូពិតរបស់ក្រុមហ៊ុន I V T ម៉ាឡេស៊ី ហើយនាំគ្នាដឹកតាមរថយន្តទូរីស១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ2D-4003 ពណ៍ទឹកប្រាក់បើកដើរលក់តាមខេត្តក្រុងពេញប្រទេសកម្ពុជាយូរខែមកហើយ។
ក្រោយពីក្រុមហ៊ុនម្ចាស់សាប៊ូដើមដឹង តំណាងក្រុមហ៊ុនម្ចាស់ដើមក៏បានដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ចអោយជួយឃ្លាំមើលចាប់ខ្លួនពួកគេនិងវត្ថុតាង បានតែម្តងនៅចំណុចខាងលើ ហើយបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត។
បុរសម្នាក់តំណាងអោយក្រុមហ៊ុន I V T ម៉ាឡេស៊ី បានអោយដឹងថាៈ សាប៊ូដបក្លែងក្លាយទាំង២មុខខាងលើនេះ នៅពេលអតិថិជនយកទៅប្រើប្រាស់ អាចបង្កអោយមានអាលាក់ស្សីស្បែក និងយូរថ្ងៃ ទៅអាចខូចគ្រាប់ឈាម។ ការផលិត ផលិតផលក្លែងក្លាយបែបនេះបានធ្វើអោយប៉ះពាល់និងខាតបង់ យ៉ាងធ្ងន់ធ្ងរដល់ផលិតផលក្រុមហ៊ុន ព្រោះតម្លៃដែលក្រុមហ៊ុនលក់សាប៊ូសុទ្ធ១ដបថ្លៃ១៦០០០រៀល ចំណែកសាប៊ូក្លែងក្លាយគេលក់១ដបថ្លៃតែ១០០០០រៀប៉ុណ្ណោះ។ បទល្មើសនេះគឺជាការរំលោភបំពានច្បាប់កម្មសិទ្ធបញ្ញាដែលមិនត្រូវអត់អោនអោយបានឡើយ សំណូមពរតុលាការផ្តន្ទាទោសអោយបាន ម៉ឺងម៉ាត់មិនត្រូវលើកលែងឡើយ។
ក្រោយពីមានការឯកភាពពីលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរួចមក ជនល្មើស ទាំង២ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច សាកសួរយកចម្លើយកសាងសំណុំរឿងតាមនិតិវិធី ដោយពួក គេអាចនឹងត្រូវសមត្ថកិច្ចចោទប្រកាន់ពីបទរំលោភលើច្បាប់កម្មសិទ្ធបញ្ញា , ចរាចរណ៍ទំនិញក្លែងក្លាយ និង ចូលមកម្ពុជាគ្មានលិខិតឆ្លងដែន ហើយបញ្ជូនខ្លួនជនល្មើសទៅកាន់អយ្យការសាលាដំបូងខេត្ត ដើម្បីស្រាវជ្រាវបន្តតាមនិតិវិធីតុលាការ ចោទប្រកាន់និងផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់។
ប្រភពព័ត៌មានមួយពីសមត្ថកិច្ចបានអោយដឹងថា៖ ក្នុងរឿងខាងលើនេះមានមន្ត្រីអយ្យការម្នាក់ ដែលប្រពន្ធគេគឺជាសាច់ញាតិរបស់ជនល្មើសកំពុងរត់ការដោះស្រាយ អោយជនល្មើសរួចពីសំណាញ់ច្បាប់ ប៉ុន្តែសមត្ថកិច្ចជឿជាក់ថា៖ លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញាទើបតែមកកាន់តំ ណែងថ្មីក្នុងខេត្ត ពិតជាមិនការពារកូនចៅយល់ញាតិឃ្លាតច្បាប់នោះឡើយ៕