គឹម សេង
ខេត្តស្វាយរៀង៖ កាលព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០១៦នេះនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃការជួញដូរប្រើប្រាស់សារធាតុញៀន និងបទល្មើសព្រហ្មទណ្ឌនានា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសន្តិសុខព្រហ្មទណ្ឌប្រចាំខេត្តស្វាយរៀង និងលោក តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀងតំណាងឯកឧត្ដមអភិបាលខេត្ត។កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដម លោក គណៈប្រតិភូអមដំណើរគណៈអធិបតី លោកព្រះរាជអាជ្ញាខេត្តលោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាល ក្រុង ស្រុក ទាំង៨ លោក លោកស្រីជាអាជីវករ ម្ចាស់ក្រុមហ៊ុន ផ្ទះសំណាក់ ខារ៉ាអូខេ កាស៊ីណូ និងកន្លែងកម្សាន្ត នៅក្នុងខេត្ត និងអ្នកពាក់ព័ន្ធ សរុបចំនួន ៨១នាក់ ស្រី០៨នាក់ ។
ក្នុងឱកាសនោះលោកឩត្តមសេនីយ៍ឯក ឌី វិជ្ជា មានប្រសាសន៍ ផ្ដាំផ្ញើ ដល់អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តការសហការក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមឲ្យបានកាន់តែល្អប្រសើរ ជាពិសេសគឺការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ ទន្ទឹមនេះលោក ក៏បានស្នើដល់លោក លោកស្រីជាអាជីវករ ម្ចាស់ក្រុមហ៊ុន ផ្ទះសំណាក់ ខេរ៉ាអូខេ កាស៊ីណូ និងកន្លែងកម្សាន្្ត ជួយសហការផ្តល់ព័ត៌មានគ្រប់បទល្មើសទាំងអស់ដែលកើតមានឡើងដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីមានភាពងាយស្រួលក្នុងការបង្ក្រាប និងចាត់វិធានការ ៕