សៀមរាប៖ពលរដ្ឋ៣គ្រួសារលើកគ្នាតវ៉ារឿងការបិតផ្លូវ ដោយនិយាយថាពួកគាត់នឹងយកសាំងដុតសម្លាប់ខ្លួនជាមួយក្រុមគ្រួសារ លោកលឹម សុទ្រីនៅក្នុងផ្ទះបើសិនអាជ្ញាធរខេត្តនៅតែគ្មានដំណោះស្រាយជួយពួកគាត់ ដោយសារតែលោក លឹម សុទ្រី អនុប្រធានសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប បានសាងសង់សំណងអត់ច្បាប់ ថែមទាំងធ្វើរបងបិទផ្លូវចាក់សោរ មិនឱ្យចេញចូលរយៈពេល៤ថ្ងៃមកហើយ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹករហូតដល់រសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០១៦ ក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ពលរដ្នទាំងនោះបានបញ្ជាក់ថាការសាងសង់បិទផ្លូវចាក់សោររបងរបស់លោក លឹម សុទ្រី បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ហើយផ្ទុះការតវ៉ាទាំងយប់ និងសំណូមពរអោយលោកអភិបាលខេត្ត មេត្តា ជួយអន្តរាគមន៍ ជូយពួកគាត់ផង។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបបានសន្យាចុះមកពិនិត្យ និងដំណោះស្រាយជូនពួកគាត់ ជុំវិញករណីខាងលើនោះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានប្រាប់ នៅរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០១៦នេះថា សំណង់ផ្ទះរបស់លោក លឹម សុទ្រី គឺពិតជាបានសាងសង់ដោយគ្មានច្បាប់អនុញ្ញាតមែន ប៉ុន្តែសំណង់នោះត្រូវបានគេសង់រួចរាល់ទៅហើយ តែទោះសាងសង់ រួចរាល់ក៏ដោយក៏លោកនឹងចាត់វិធានការតាមច្បាប់(ស្តីពីការសាងសង់)។
ចំណែក លោក លឹម សុទ្រី ប្រាប់ថា របងដែលលោកសាងសង់បិទផ្លូវ មិនឱ្យប្រជាពលរដ្ឋចំនួន៣គ្រួសារ ឆ្លងកាត់នោះ រឿងនេះបានទៅដល់ដៃតុលាការហើយ បើចង់ដឹងទៅសួរតុលាការខេត្តសៀមរាប ទៅ នឹងដឹងហើយ។ប៊ុន រិទ្ធី