កំពង់ធំៈ បទល្មើសព្រៃឈើឆ្លងកាត់ខេត្តកំពង់ធំ បានចាប់ផ្តើមកំរើកសារជាថ្មី ក្នុងការដឹកជញ្ជូនឈើដោយខុសច្បាប់ ប្រភេទឈើធ្នង់ គ្រញូង និងឈើបេង ព្រមទាំងឈើប្រភេទលេខ២ បានធ្វើចរាចរណ៍ ចេញពីខេត្ត ព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តមមានជ័យ នាំគ្នាសំរុកដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ ទទឹមគ្នានោះដែរ គេកំពុងតែសង្កេតមើលថា តើសមត្ថកិច្ចមេព្រៃមានសមត្ថភាពបង្រ្កាបដែរឬអត់ ដោយសារតែមានមួយចំនួន ធំត្រូវបានគេដឹងថា ត្រូវដងត្រូវផ្លែគ្នាអស់ហើយ។
ជាក់ស្តែងនៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦ សមត្ថកិច្ចមេព្រៃបានឃាត់រថយន្តតាកូម៉ា ពណ៌ស្ករ មួយបាំងកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2263 បានដឹកឈើធ្នង ប្រភេទឈើប្រណិត បានដឹកចេញពីខេត្តព្រះវិហារ ស្ទើតែរិចផ្លូវអស់ហើយ តែពុំដែលត្រូវបានម្តងណាឡើយ តែការចាប់នេះគឺសង្ស័យថាពុំបានជំរាបអស់ លោកសមត្ថកិច្ចគ្រប់គ្នា ទើបបានជាភ្លាត់ស្នៀតត្រូវបានជាប់អន្ទាក់។
តៃកុងឡានត្រូវបានសារភាពថា ខ្លួនឈ្មោះ លុយ សុគា អាយុ ៣០ឆ្នាំ បានដឹកឈើចេញពីព្រះវិហារ ជាមួយនិង សុខ ឈី ភេទប្រុស ១៨ឆ្នាំ រស់នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានស៊ីឈ្នួលដឹក ឈើឲ្យលោក ធី ថៅកែដឹកសិប្បកម្ម ទៅទំលាក់នៅភ្នំពេញ តែលើកនេះមិនដឹងថាយ៉ាងម៉េច បានជាមេព្រៃ ឃាត់ខ្លួនទាំងពីនាក់ និងរថយន្តមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ។
ដោយ ប៊ុន រដ្ឋា