ខេត្តបន្ទាយមានជ័យ៖ គ្រាន់តែចូលថ្ងៃទី១ ខែមិថុនា ភ្លាម ក្នុងស្រុកមង្គលបូរី ត្រូវបានរន្ទះបាញ់ប្រជាពលរដ្ឋ រងរបួសធ្ងន់ស្រាល រហូតដល់ទៅ៦នាក់ តែសំណាងល្អពុំមានមនុស្សស្លាប់ជនរងគ្រោះទាំង៦នាក់នោះ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងភូមិ ។ ហេតុការណ៍រន្ទះបាញ់ប្រជាពលរដ្ឋរបួសរណូករណែលពេញភូមិនោះ គឺនៅវេលាម៉ោង៣និង៣០នាទី ល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៤ នៅត្រង់ចំនុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ ជនរងគ្រោះដែលត្រូវរន្ទះបាញ់ដេករណូករណែលពេញពេទ្យនោះ ១មានឈ្មោះ ហុង ហ៊ាន ភេទប្រុស អាយុ៥៥ឆ្នាំរបួសដៃឆ្វេងយ៉ាងធ្ងន់ ២មានឈ្មោះ ហ៊ាន ភី ស្រីជាកូនម្ចាស់ផ្ទះរបួសខ្នងជាទម្ងន់ ៣មានឈ្មោះ ណម ខ្វូត ប្រុសអាយុ៣០ឆ្នាំរបួសចង្កេះ ៤មានឈ្មោះ សេង ឈុនលី ប្រុសអាយុ៥៧ឆ្នាំរបួសចំកំប៉េះគូថធ្ងន់ ៥មានឈ្មោះ ចាន់ ព្រែក ប្រុសអាយុ៤៩ឆ្នាំរបួសដៃស្ដាំធ្ងន់ ៦មានឈ្មោះ អាត់ ខន ប្រុសអាយុ៤៨ឆ្នាំរងរបួសខ្នងធ្ងន់ អ្នកទាំង៦នាក់នោះរស់នៅភូមិឃុំកើតហេតុខាងលើ ។
លោក រស់ សំបូរ បាននិយាយបន្តថា៖ មុនពេលកើតហេតុនៅម៉ោង៣និង០០នាទីនោះថ្ងៃទី១ ខែមិថុនានោះ មានខ្យល់បក់យ៉ាងខ្លាំងអមទៅដោយភ្លៀងផ្គរ ស្របពេលនោះក៏មានរន្ទះបាញ់យ៉ាងខ្លាំង បាញ់ហើយបាញ់ទៀត ធ្វើឲ្យប្រជាជននៅភូមិឃុំកើតហេតុខាងលើចំនួន៦នាក់ បានត្រូវរន្ទះបាញ់រងរបួសធ្ងន់ស្រាលពេញតែក្នុងភូមិតែសំណាងល្អ ជនរងគ្រោះទាំងអស់នោះពុំមានគ្រោះថ្នាក់ត្រូវរន្ទះបាញ់ស្លាប់ឡើយ ជនរងគ្រោះទាំង៦នាក់នោះ ត្រូវបានប្រជាពលរដ្ឋដឹកជញ្ជូនយ៉ាងប្រញាប់ប្រញាល់យកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្នុងភូមិដើម្បីសង្គ្រោះជីវិត ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលព្យុះភ្លៀងផ្គរលាយទៅខ្យល់កន្ត្រាក់អមទៅដោយរន្ទះបាញ់ទៀតនោះ ពុំមានផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិនោះ ប៉ើងនិងផ្ដួលរលំដោយសារតែខ្យល់កន្ត្រាក់នោះឡើយ ។ លោក រស់ សំបូរ បាននិយាយបន្តថា៖ គាត់សុំធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមមេត្តាមានការប្រុងប្រ័ត្ន
ជាប្រចាំពេលដែលមានមេឃភ្លៀងអមទៅដោយខ្យល់កន្ត្រាក់និងរន្ទះបាញ់ផងនោះ ប្រជាពលរដ្ឋទាំងអស់ត្រូវតែរត់ទៅរកទីទួលមានសុវត្ថិភាព ជៀសវាងខ្យល់កន្ត្រាក់បោកបាក់ផ្ទះសង្កត់លើ និងជៀសវាងរន្ទះបាញ់ជាយថាហេតុទៀតផង ព្រោះសព្វថ្ងៃនេះរន្ទះបាញ់កាន់តែសាវហាវទៅសាវហៅទៅ ក្នុង១ឆ្នាំៗអាចសម្លាប់ប្រជាពលរដ្ឋយ៉ាងច្រើននាក់ក្នុងប្រទេសកម្ពុជាយើងនេះ ៕