កំពង់ចាម៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើសន្និសិតកាសែត ស្តីអំពីការបង្ក្រាបក្រុមក្មេងទំនើងចំនួន៣នាក់ ក្នុងចំណោមបក្ខពួកប្រហែល២០នាក់ ដែលបានប្រើអំពើហិង្សាដោយចេតនា ទៅលើក្មេង១ក្រុមទៀតដែលកំពុងអង្គុយនិយាយគ្នាលេងលើម៉ូតូចំណុច មុខសាលាគរុកោសលភូមិភាគ ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ទោ សាន សុភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងថា នៅពេលដែលកម្លាំងរបស់យើងទទួលព័ត៌មានថា មានករណីក្មេងទំនើង១ក្រុមមានគ្នាចំនួនប្រហែល២០នាក់ប្រដាប់ដោយ ដាវ និងដុំថ្ម បានធ្វើសកម្មភាព វាយនិងកាប់ទៅលើជនរងគ្រោះ ចំណុចខាងលើភ្លាម យើងបានសុំការបង្ក្រាបទៅលោក ស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានការឯកភាព និងបញ្ជាឲ្យកម្លាំងរបស់យើងចេញប្រតិបត្តិការបង្ក្រាប រហូតឈានឃាត់ខ្លួនជនសង្ស័យបាន ចំនួន៣នាក់៖ ១-ឈ្មោះ ទូច សុឡី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។
២-ស៊ន ម៉ាយ៉ាសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម និងជនសង្ស័យទី៣-ឈ្មោះ ថេន ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទី៤ សង្កាត់វាលវង់ ក្រុង-កំពង់ចាម ។ លោក នាយការិយាល័យបានបញ្ជាក់ទៀតថា ជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាព រហូតបណ្តាលឲ្យជនរងគ្រោះចំនួន៤នាក់ រងរបួសជាទម្ងន់ ក្នុងនោះរួមមាន៖ ១-ឈ្មោះ កែម បញ្ញាវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។
២-សាន ស៊ីរៈ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម ។ ៣-យ៉េន វាសនា ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកៀនជ្រៃ ឃុំកៀនជ្រៃក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ និងទី៤-ឈ្មោះ មួង បាន ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម ។
ជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយជនសង្ស័យ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១ ខែមិថុនា នេះដើម្បីចាត់ការទៅតាមនិតិវិធី ។ លោកនាយការិយាល័យបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់នេះតែងតែដើរធ្វើសកម្មភាពក្នុងក្រុងកំពង់ចាមក្នុងរយៈពេលកន្លង ហើយក៏ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ៕