ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋភូមិគង ឃុំបាតេ ស្រុកអូរយ៉ាដាវ រងការរិះគន់លោកមេឃុំថា យកលុយពួកគាត់ចំនួន៤លានរៀលទៅដោយមិនបានធ្វើអ្វីសោះ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះគឺបន្ទាប់ពីឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីបេក្ខជនពិសេសនឹងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តរតនគិរី បានដឹកនាំគណ:ប្រតិភូនឹងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៦កន្លងទៅនេះ។
ប្រជាពលរដ្ឋបានលើកឡើងថា ពេលកន្លងទៅនៅក្នុងភូមិពួកគាត់មានគំរោងអភិវឌ្ឍន៍ផ្លូវលំមួយខ្សែរក្រាលគ្រួសក្រហម ហើយថវិការមិនគ្រប់សម្រាប់ដាក់លូបង្ហូទឹក ទើបរៃលុយប្រជាពលរដ្ឋចំនួន ៥ម៉ឺនរៀលក្នុងមួយគ្រួសារដើម្បីយកលុយនេះទៅទិញលូចំនួន ៨កង់ ដាក់បង្ហូទឹក លុយដែលរៃបានចំនួន ៥លានរៀលហើយលោកមេឃុំ យកទៅអស់ចំនួន៤លានរៀលថាទៅទិញលូ ប៉ុន្តែយូខែហើយ មិនឃើញយកលូមកដាក់ទាល់តែសោះ ម្យ៉ាងទៀតពួកគាត់ខ្លាចទឹកហូរកាត់កន្លែងដែលត្រូវដាក់លូ ព្រោះទឹកហូរខ្លាំងច្រសដាច់ជាបណ្តើរៗហើយ។
ចំពោះបញ្ហាលូបង្ហូួទឹកនេះដែរ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី នឹងក្រុមការងារក៍ដូចជាអាជ្ញាធរពាក់ព័ន្ធ បានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋរួចហើយដោយមិនឲ្យប្រជាពលរដ្ឋចេញលុយសំរាប់ទិញលូនេះតទៅទៀតទេ ឯកឧត្តមព្រមទាំងក្រុមការងារបានជួលគ្រឿងចក្រ ទៅកកាយដាក់លូជូនប្រជាពលរដ្ឋរួចរាល់ហើយនៅថ្ងៃទី១៦ម្សលមិញនេះ។
មិនតែប៉ុណ្ណោះឯកឧត្តមទេសរដ្ឋមន្ត្រីក៍បានសន្យាជាមួយប្រជាពលរដ្ឋឃុំបាតេថា នឹងធ្វើប្រឡាយធារាសាស្ត្រមួយខ្សែរប្រវែងជាង៤គីឡូម៉ែត្របន្ថែមទៀតដើម្បីយកទឹកសម្រាប់ផ្គត់ផ្គង់ដល់ការប្រកបរបរធ្វើស្រែនឹងដើម្បីស្រោចស្របដំណាំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះដែរអ្នកយកព័ត៌មានមិនអាចសុំការពន្យល់បានទេពីលោក រម៉ាម យូត មេឃុំបាតេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល ៕