សៀមរាប៖ អនុស្សរណៈរវាង៣ភាគី គឺអាជ្ញាធរជាតិអប្សរា មហាវិទ្យាល័យដុងប៊ូសាន និងក្រុមហ៊ុនDream Airline Tour ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ គោលបំណងចម្បងនៃអនុស្សរណៈនេះគឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យទេសចរណ៍។តាមខ្លឹមសារនៃអនុស្សរណៈនេះ អាជ្ញាធរជាតិអប្សរា និងភាគីសហប្រតិបត្តិការនឹងបន្តពិភាក្សាលម្អិតអំពីគម្រោងអប់រំបណ្តុះបណ្តាល ក្នុងន័យអភិវឌ្ឍធនធានមនុស្ស និងធនធានទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់សហគមន៍មូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ។ អនុស្សរណៈនេះមានរយៈពេល៥ឆ្នាំ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនឲ្យបានជោគជ័យ។
ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះថា អាជ្ញាធរជាតិអប្សរាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះ ហើយយើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យមានការបណ្តុះបណ្តាល ការស្រាវជ្រាវ សិក្ខាសាលា សន្និសីទ ឬសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យអប់រំ។កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសដល់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានដោះដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយសាកលវិទ្យាល័យDong Pusan។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Dream Airline ដែលបានរួមចំណែកគាំទ្រមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ និងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។
លោក Choi Hwan Eon សាកលវិទ្យាធិការនៃសាកលវិទ្យាល័យDong Pusan បញ្ជាក់ថា លោកមានមោទនភាពដែលបានធ្វើកិច្ចសហការនៅពេលនេះ។ “យើងមានគម្រោងល្អជាច្រើនដែលបានជជែកគ្នា និងដែលមានសរសេរទុកក្នុងខ្លឹមសារនៃអនុស្សរណៈនេះ។ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារទាំងនេះឲ្យបានសម្រេចជោគជ័យ”៕