ខេង ឧត្តម
សៀមរាប៖ បណ្ដាប្រទេសអាស៊ាន កំពុងមានការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី គឺមានសារសំខាន់យ៉ាងខ្លាំង ទាំងសក្ដានុពលផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការពង្រឹងសន្តិសុខ ស្ថិរភាពនៅក្នុងតំបន់។ដោយសារតែការសម្លឹងឃើញថាមានសារៈសំខាន់ដូចនេះបណ្ដាប្រទេសអាស៊ាន បានរៀបចំឱ្យក្រុមយុវជនអាស៊ាន និងរុស្ស៊ី ជាង១៥០នាក់ បានជួបប្រជុំកំពូល ក្នុងបំណងឱ្យយុវជនទាំងនោះអាច ភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា ធ្វើជាស្ពានមេត្រីភាពរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលថែមទៀត
លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកមានប្រសាសន៍បក្រោយកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៥ខែតុលាថាក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន ជាមួយរុស្ស៊ី ក្រៅតែពីការជំរុញផ្នែកនយោបាយ សន្តិសុខនិងសេដ្ឋកិច្ច ក៏ជំរុញឱ្យមានការផ្លាស់ប្ដូរការយល់ដឹងរវាងមនុស្សនិងមនុស្សដែរ។ក្នុងក្របខណ្ឌអាស៊ាននិងរុស្ស៊ី ពេលនេះគឺនឹងពិភាក្សាអំពីការបង្កើតក្របខណ្ឌនៃក្រុមអ្នកស្ម័គ្រចិត្ត រវាងអាស៊ាននិងរុស្ស៊ីតែម្ដង។ លោកហ៊ុន ម៉ានី បន្តថានេះជាឱកាសមួយទៀត ដែលអាចជំរុញទំនាក់ទំនង និងរឹតបន្តឹងមិត្តភាពរវាងយុវជនអាស៊ាននិងរុស្ស៊ី ។ចំណែកក្រមខណ្ឌយុវជនកម្ពុជា-រុស្ស៊ី ក៏មានការផ្លាស់ប្ដូរគ្នាជាច្រើនទៅហើយក្នុងវិស័យអប់រំនិងការផ្លាស់ប្ដូរគណប្រតិភូ។
អ្នកស្រី សឿង រ័ត្នឆាវី រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថាការជួបប្រជុំកំពូលរបស់យុវជនអាស៊ាន-រុស្ស៊ី លើកទី៤ ដែលក្រសួងការបរទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលនេះ ក្នុងគោលបំណងប្រារព្ធខួបអនុស្សាវរីយ៍ ២០ឆ្នាំនៃទំនាក់ទំនងរវាងអាស៊ាននិងរុស្ស៊ី ព្រមទាំងរំលឹកខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ីផងដែរ។
អ្នកស្រី សឿង រ័ត្នឆាវី បញ្ជាក់ថារុស្ស៊ី គឺជាមហាអំណាចដ៏ធំមួយ ហើយរុស្ស៊ីក៏ធ្លាប់ជួយកម្ពុជាកាលពីរបប ប៉ុល ពត ទើបតែដួលរលំ ស្របពេលប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មមកលើកម្ពុជាដែរ។
ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្ស៊ី ប្រចាំតំបន់អាស៊ានលោកអាឡិកសាន់ឌឺ អ៊ីវ៉ាន់នូវ(Alexander Ivanov)បានស្វាគមន៍ចំពោះ ការភ្ជាប់ទំនាក់ទំនងអាស៊ានជាមួយរុស្ស៊ី ព្រមទាំងផ្ចុងផ្ដើមឱ្យយុវជនជំនាន់ក្រោយ បានស្គាល់គ្នា។ លោកAlexander Ivanov បន្តថាយើងបានប្រឹងប្រែងជាច្រើនឆ្នាំលើផ្លូវដ៏វែងឆ្ងាយ ទំរាំបានមកដល់ ។នេះគឺជាអំណោយដ៏មានតម្លៃបំផុត ដែលយើងនឹងរួមគ្នាអភិវឌ្ឍន៍ ព្រមទាំងស្វែងយល់អំពីគ្នាទៅវិញទៅមកទៅថ្ងៃអនាគត៕