កំពង់ចាម៖កំលាំងអធិការនគរបាលស្រុកស្ទឹងត្រង់បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានយកកាំបិតផ្គាក់កាប់ក្បាលជនរងគ្រោះបណ្តាលអោយរងរបួសជាទំងន់កាលពីវេលាម៉ោង18និង20នាទីថ្ងៃទី23តុលា2016នៅភូមិអូរបេងឃុំមេសរជ្រៃស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។
ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ម៉ាត់ សុខគ្រី ភេទប្រុសអាយុ38ឆ្នាំមានទីលំនៅ
ភូមិឃុំកើតហេតុខាងលើ។ចំណែកជនរងគ្រោះឈ្មោះរ៉ា ហ្វារី ភេទប្រុសអាយុ25ឆ្នាំមានទីលំនៅក្បែរគ្នាត្រូវរបួសជាទំងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុឈ្មោះ ម៉ាត់សុខគ្រី
បានផឹកស្រាស្រវឹងហើយកាន់កាំបិតផ្គាក់ឡើងមកលើផ្ទះរបស់ឈ្មោះរ៉ាហ្វារីហើយក៏កាប់ទៅលើឈ្មោះ រ៉ាហ្វារី មួយកាំបិតចំក្បាលបណ្តាលអោយរងរបួសជាទំងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានអោយដឹងថាក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ ម៉ាត់ សុខគ្រី និងដកហូតកាំបិតផ្គាក់មកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីធ្វើការសាកសួរ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ាត់ សុខគ្រី មិនបានបញ្ជាក់ពីមូលហេតុដែលខ្លួនកាប់ទៅលើជនរងគ្រោះរ៉ាហ្វារីទេគឺធ្វើហាក់ដូចជាមិនដឹងអ្វីទាំងអស់។
តាមប្រភពពត៌មានពីក្រុមគ្រួសារម៉ាត់សុខគ្រីបានបញ្ជាក់ថាម៉ាត់សុខគ្រីជាមនុស្សញៀនថ្នាំធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងអុកឡុកក្រុមគ្រួសារអោយលំបាកច្រើនលើកច្រើនសារមកហើយ។ក្រុមគ្រួសាររបស់ជនល្មើសនិងសមត្ថកិច្ចសន្និដ្ឋានថាឈ្មោះម៉ាត់សុខគ្រីប្រហែលជាបែកថ្នាំបាត់បង់ស្មារតីទើបទៅកាប់មនុស្សដោយគ្មានមូលហេតុ។អាណាព្យាបាលរបស់ម៉ាត់សុខគ្រីបានសំណូមពរអោយសមត្ថកិច្ចចាប់ខ្លួនកូនប្រុសឃុំខ្លួនក្នុងពន្ធនាគារអោយបានយូរបន្តិចព្រោះពួកគាត់ខ្លាចឈ្មោះម៉ាត់សុខគ្រីវង្វេងស្មារតីកាប់ឪពុកម្តាយដោយគ្មានមូលហេតុ ។