ខេត្តកំពង់ធំ ៖មានហេតុការភ្ញាក់ផ្អើលមួយ ដោយសារតែមានបុរសម្នាក់បានរលត់សង្ខាភ្លាមៗខណៈពេល ដែលឡើងទៅលើដំបូលផ្ទះកំពុងភ្លៀវ ត្រូវរន្ទះកំណាត់មកឆក់យកជីវិតស្លាប់ភ្លាមៗ ដោយសារតែគ្រោះ ធម្មជាតិ។ ហេតុការដែលបង្ករឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៤ ស្ថិតនៅក្នុងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ខ្យល់ភ្លៀងស្រិចៗលាយឡំជាមួយនិងផ្គររន្ទះ ខណៈនោះជនរងគ្រោះបានឡើងទៅលើ ដំបូលផ្ទះ ដើម្បីជួសជុល ក៏ស្រាប់តែរន្ទះបាញ់លាន់ដូចគេហែកមេឃ មកឆក់យកជីវិតជនរងគ្រោះបណ្តាល ឲ្យដាច់ផ្ងារធ្លាក់ជនរងគ្រោះ ទៅលើសំយ៉ាបផ្ទះ ។
តាមការអះអាង ពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ ឡុង វុន ភេទ ប្រុស អាយុ ២១ឆ្នាំ នៅលីវ រស់នៅភូមិ ត្រពាំងព្រលិត ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាកម្មករសំណង់ កស៊ីឈ្នួលធ្វើផ្ទះ ជាមួយនឹងមេជាងសំណង់ ឲ្យលោក សំ ឃន ភេទ ប្រុស ជាម្ចាស់ផ្ទះ ធ្វើការនៅ រតនាគារ ខេត្តកំពង់ធំ នៅវេលាកើតហេតុ ជនរងគ្រោះបានឡើងទៅជួសជុល តាំងពី មេឃមិនទាន់មានភ្លៀង លុះដល់ មេឃខ្មៅមានភ្លៀងតិចៗក៏បំរ៉ុងនៅចុះក៏ត្រូវបាន រន្ទះបាញ់តែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ កំពង់ធំ ចុះមកធ្វើកំណត់ហេតុ រូចបានប្រគល់ជូន សាច់ញាតិ ក្រុមគ្រួសារ ទទួលយកទីធ្វើបុណ្យ តាមប្រពៃណី សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ធំចាប់តាំងពី ឈានដល់រដូវវស្សាមក បានធ្វើឲ្យមានមនុស្សស្លាប់ ដោយសាររន្ទះចំនួន ៦នាក់មកហើយ ដោយមានការ ព្រួយបារម្ភណ៍ ដល់អាយុជីវិតប្រជាពលរដ្ឋ
ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងត្រូវរកទីជំម្រកសុវត្តិភាព នៅពេលដែល មានភ្លៀងធ្លាក់ ចៀសវាងប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍ ដែក ដើមឈើធំ ដែលវាអាចឆ្លងចរន្តអគ្គីសនីយ៍បាន ដើម្បីសុវត្តិភាព អាយុជីវិតមិនគួរចេញដំណើរឬធ្វើការកំពង់មានភ្លៀងធ្លាក់ ។