កំពង់ស្ពឺ៖ ក្រោយពីស្ថានការណ៍លើទឹកជំនន់វាយលុកគ្រប់ដណ្តប់ដោយទឹកភ្លៀងយ៉ាងខ្លាំង លើភូមិសាស្រ្តខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពកំពស់ទឹកភ្លៀងកើនឡើងខុសពីធម្មតាកន្លងមក បានធ្វើអោយបណ្តាញផ្លូវថ្នល់រងការលិចទឹកទាំងផ្លូវជាតិ ផ្លូវក្រុង ផ្លូវក្នុងខេត្តមួយចំនួនត្រូវរងការខូចខាត និងការគំរាមកំហែងប៉ះពាល់ដល់ស្រទាប់គ្រឹះ បណ្តាលកើតមានជង្ហុកសំបុកមាន មួយផ្នែកប៉ះពាល់ផ្ទៃផ្លូវកៅស៊ូ ជាច្រើនកន្លែង និងបណ្តាញផ្លូវទឹកមួយចំនួនត្រូវបានស្តារឡើងវិញ ។ ជាជំហ៊ានដំបូងការប៉ាន់ស្មានរបស់មន្ទីរជំនាញ គឺត្រូវការថវិការស្តារឡើងវិញប្រមាណជា ៦ពាន់លានរៀលក្នុងការជួសជុល ។
ដោយសារតែស្ថានការបែបនេះទើបនៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានជំរុញឲ្យមានការជួសជុលបន្ទាន់គ្រប់ផ្លូវ និងលូដែលរងការខូចខាត ហើយថ្ងៃនេះបានធ្វើជួបជុំគ្នាធ្វើយុទ្ធនាការស្តារឡើងវិញ ហេដ្ឋានរចនាសម្ព័ន្ធ និងកសាងលូ ប្រឡាយមួយចំនួនដោយអនុវត្តន៍មធ្យោបាយសរុប វិធានការណ៍សរុប កំលាំងសរុប ដើម្បីបង្ការការពារ ស្ថារឡើងវិញ ។
លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ថា មន្ទីរជំនាញ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែង ថែទាំផ្លូវ គូសគំនូស បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងជួសជុលសំបុកមាន់យ៉ាងប្រចាំ យ៉ាងសកម្មផុលផុស និងបង្កើនពេលវេលាសេវាថែទាំផ្លូវថ្នល់រហូតដល់ពេលយប់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបច្ចេកទេសតាមបទដ្ឋាន និងមានក្រុមការងារថែទាំជាប្រចាំ។
លោកប្រធានមន្ទីរបន្តថា មន្ទីរលើកទឹកចិត្តអោយមន្រ្តីជំនាញបន្តការខិតខំប្រឹងប្រែង ស្តារ កសាង ថែទាំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងបចេ្ចកទេសជាវប្បធម៌ប្រពៃណី ដោយមនសិកា វិជ្ជាជីវៈយ៉ាងសំខាន់ និងទស្សនៈវិជ្ជា នៃការគ្រប់គ្រងគុណភាពក្នុងផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ និងរក្សាប្រសិទ្ធភាពសេដ្ឋកិច្ច និង សូមដាក់ទិសដៅជាយុទ្ធសាស្ត្រ ដើម្បីអោយសហគមន៍ផ្លូវថ្នល់ក្នុងខេត្តកំពង់ស្ពឺប្រកបដោយ សុវត្ថិភាពជាប្រចាំ។
លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៏ថា ជាការពិតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្រ្ត ជាមធ្យោបាយយ៉ាងសំខាន់ចាំបាច់ក្នុងការទ្រទ្រង់សុខុមាលភាព សេដ្ឋកិច្ច សង្គមជាតិចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញវិយោគទុនក្នុងខេត្ត និងវិស័យទេសចរណ៍ ។ ត្រូវបន្តលើកទឹកចិត្តដល់ក្រុមការងារជំនាញ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយជោគជ័យ និងប្រសិទ្ធខ្ពស់ដើម្បីជជា ប្រយោជន៍សង្គមជាតិ និងប្រជាជន អោយទាន់ពេលវេលា។ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា អង្គភាពជុំវិញខេត្តត្រូវបន្តសហការគ្នាឲ្យបានខ្លាំងក្លាជាងនេះដើម្បីជំរុញឲ្យការស្ថាបនាផ្លូវ លូ នានាក្នុងខេត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕