ដោយ: យក្ចឡោម
ខេត្តរតនគិរី៖ កម្លាំងនគរបាលប៉ុស្តិ៍ឃុំចាអ៊ុងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនឹងសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រ:រាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៤នាក់នៅចំណុចក្បែរបន្ទាយវរសេនាតូចអន្តរាគមន៍លេខ1ស្ថិតក្នុងភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។
បើតាមសមត្ថកិច្ចនគរបាលដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថាបន្ទាប់ពីទទួលពាក្យបណ្តឹងពីម្ចាស់ក្របីឈ្មោះក្រទុ ពឿង ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិគ្រឹងមានទីលំនៅភូមិធួយទុំ ឃុំចាអ៊ុងស្រុកអូរជុំ បានបាត់ក្របីចំនួន៤ក្បាលព្រមទាំងគោ៣ក្បាល ជារបស់អភិបាលស្រុកអូរជុំផងដែរនៅវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវមុខសញ្ញា។
លុះដល់ម៉ោងប្រមាណ៨នឹង៣០នាទីព្រឹកនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៦កម្លាំងបានចុះបង្ក្រាបជាក់ស្តែងនៅទីតាំងខាងលើ។
ប្រភព័ព៌តមានខាងលើបានប្រាប់បន្តទៀតថា កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៤នាក់ក្នុងនោះម្ចាស់ផ្ទះមានឈ្មោះហ៊ិម សះភេទស្រី អាយុ៥១ ឆ្នាំជនជាតិខ្មែរឥស្លាម ប៉ុន្តែជនសង្ស័យ៣នាក់ផ្សេងទៀតសមត្ថកិច្ចមិនទាន់បានសួរនាំអំពីអត្តសញ្ញាណនៅឡើយទេដោយសារសមត្ថកិច្ចជាប់រវល់ពេក។
សមត្ថកិច្ចនគរបាលបន្ថែមឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះដែរ ដកហូតបានក្របីរស់១ក្បាលស្បែកគោ ស្បែកក្របីនិងសាច់ក្របីពន្លះសាច់ហើយមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យប្រុស -ស្រី៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលយកទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តនឹងក្របី រស់១ក្បាលជាវត្ថុតាងមួយចំនួនធំត្រូវបានកម្លាំងនគរបាលនាំមកស្នងការនគរបាលខេត្តរតនគិរី។
បងប្អូនដែលមានគោក្របីទាំងអស់សូមប្រុងប្រយ័ត្នកុំប្រលែងចោល ឬមិនដាក់ក្រោលនៅពេលយប់ជៀសវាងការបាត់បង់៕