សៀមរាប៖ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ មានជនជាតិជប៉ុនម្នាក់ ឈ្មោះ KUROSAWA KAZUKI ភេទប្រុស អាយុ២១ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាល (Police Box) តំបន់ផាប់ស្ទ្រីត មានជនមិនស្គាល់មុខបានលូកការបូប យករបស់របរ រួមទាំងប្រាក់មួយចំនួន នៅតំបន់ផាប់ស្ទ្រីត។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយមានការចង្អុលណែនាំពីសំណាក់លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង ជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ដ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង០៦ និង០០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ និងឆែកឆេររកឃើញវត្ថុតាងមួយចំនួន ហើយបាននាំជនសង្ស័យមកធ្វើការសាកសួរនៅទីបញ្ជាការស្រាល។
លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ នាយការិយាល័យបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួនបានមាន៖
១-ឈ្មោះ ហេង សម្បត្តិ ហៅភីម ភេទប្រុស (ខ្ទើយ) អាយុ ២៦ឆ្នាំ រស់នៅភូមិបឹងកក់ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ រឿន សុខស្រីមុំ ហៅពិសី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃស ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០២នាក់ សព្វថ្ងៃមានទីលំនៅមិនពិតប្រាដក ក្នុងខេត្តសៀមរប។ វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមាន៖
– Master Card (ATM) ០១សន្លឹក, – JCB (ATM) ០១សន្លឹក, -កាតសិស្សសាលា ០១សន្លឹក, -កាតធានារ៉ាប់រង ០១សន្លឹក, កាតទិញអីវ៉ាន់ ០២សន្លឹក, កាតជិះរថភ្លើង ០១សន្លឹក, ប្រាក់ជប៉ុនចំនួន៦៥០០០យាន់។
ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចនគរបាលយើងបានឆ្លើយសារភាព និងទទួលស្គាល់ថា ពួកគេពិតជាបានធ្វើសកម្មភាពលូកកាបូបជនបរទេសខាងលើមែន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់សមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែមទៀត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
លោកនាយការិយាល័យបានបន្តថា ចំពោះសម្ភារៈ និងប្រាក់ ដែលសមត្ថកិច្ចនគរបាលដកហូតពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនជនជាតិជប៉ុនវិញនៅព្រឹកថ្ងៃដ៏ដែល៕ខេង ឧត្តម