ខេត្តព្រះសីហនុ÷ផ្លូវជាតិលេខ៤ពីចំណុចមុខរោងចក្រស្រាបៀរអង្គរឆ្ពោះទៅដល់មុខកំពង់ផែស្វយត័ខេត្តព្រះសីហនុព្រមទាំងផ្លូវក្នុងក្រុងជាច្រើនខ្សែរទៀតត្រូវបានបើកការដ្ឋានជួសជុលនិងពង្រីកដើម្បីសំរួលចរាចរណ៍ដឹកជញ្ជូនជាងនេះទៀតក្រសួងសាធារណការក៍មានគំរោងស្តារនិងកសាងហេដ្ឋារចនាសម្ពន្ធ័ក្នុងខេត្តព្រះសីហនុថែមទៀតដើម្បីទាក់ទាញអ្នកវិនិយោគនាពេលអនាគតផងដែរ។
ពិធីនេះដែរប្រព្រឹត្តឡើង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណ ៤០០នាក់ ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲដឹងថា ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ថវិកានាចុងឆ្នាំ២០១៦ នេះសម្រាប់រៀបចំសាងសង់ និងជួសជុលកំណាត់ផ្លូវជាតិលេខ៤ និងផ្លូវក្នុងក្រុងព្រះសីហនុផងដែរ។
ទី១ ចាក់ពង្រីកក្រាលបេតុងសសៃដែកប្រវែង ៣២៩៥ម៉ែត្រ x៨ម៉ែត្រ សម្រាប់គន្លងឲរថយន្តដឹកទំនិញធុនធ្ងន់បើកបរចាប់ពីចំណុចមុខរោងចក្រស្រាបៀរអង្គររហូតដល់មុខកំពង់ផែខេត្តព្រះសីហនុ ។
ផ្លូវទី២នៅចំណុច រង្វង់មូលវាលរេញទំហំ ៩៩៧៩ម៉ែត្រការ៉េ ចាក់ក្រាលបេតុង ។
ទី៣ ផ្លូវរង្វង់មូលវាលរេញទំហំ ៨៥៩២ម៉ែត្រការ៉េ ចាក់ក្រាលកៅស៊ូ A/C ។
និងទី៤ ផ្លូវលេខ៥០០, ៥០២ ,៤០០ ទំហំ ៣១៧៩០ ម៉ែត្រការ៉េ ចាក់ក្រាលកៅស៊ូ A/C ។
ក្នុងឪកាសនោះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុគឺជាខេត្តតំបន់សេដ្ឋកិច្ចគំរូពហុបំណង។លោកអភិបាលខេត្តក៍បានសំដែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោក ស៊ុន ចាន់ថុល ដែលបានយកចិត្តទុកដាក់កសាងផ្លូវនៅខេត្តព្រះសីហនុ។
លោក យន្ត មីន សំណូមពរដល់លោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជួយបន្ថែមទៀតចំពោះផ្លូវជាច្រើនខ្សែរទៀតដែលមិនទាន់បានជួសជុលរួច។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៍លើកឡើងកោតសរសើរ លោក អភិបាលខេត្ត យន្ត មីន ថាជាថ្នាក់ដឹកនាំល្អនិងខិតខំពុះពារដើម្បីមុខមាត់ខេត្ត។
ឯឧ រដ្ឋមន្ត្រី ក៍បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ការបើកការដ្ឋានជួសជុលផ្លូវនេះនាពេលនេះ គឺដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នៅខេត្តព្រះសីហនុ ព្រោះខេត្តជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច។ដូច្នេះការកសាងផ្លូវគឺជារឿងចាំបាច់បំផុត។
កាលណាការសាងសង់ផ្លូវថ្នល់បានល្អហើយកំណើនទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុមានការកើនឡើងដែរ។ លោក រដ្ឋមន្ត្រីបានរំលឹកថា ការសាងសង់ជួសជុលផ្លូវត្រូវធ្វើយ៉ាងណា ឲមានគុណភាព កុំឲមានការធ្វើផ្លូវជាប់រហូត គឺការធ្វើខាងមុខ ខូចខាង ក្រោយ ដែលមានពាក្យថា ក្រសួងសាធារណ ការ និងដឹកជញ្ជូនចាក់ស្តើងស៊ីក្រាស ចាក់ក្រាសស៊ីស្តើង ហើយពាក្យនេះល្មមឈប់ហើយ ដល់ពេលវេលាដែលយើងត្រូវកែទម្រង់ស៊ីជំរៅ ត្រូវធ្វើផ្លូវថ្នល់ប្រកបដោយគុណភាព តាមលក្ខណបច្ចេកទេស គឺធ្វើយ៉ាងណាធានាជាប់បានយូរ ។
ការជួសជុលផ្លូវក៍ដូចគ្នាដែរ បើមានសំបុកមាន់ត្រូវជួសជុល កុំឲផ្លូវសំបុកមាន់ក្លាយទៅជាថ្លុកក្របី ។
ឯកឧត្តមបានបន្តថា ក្រសួងនឹងរៀបចំម៉ូតូកង់បី ហើយនៅលើម៉ូតូកង់បី មានម៉ាស៊ីនភ្លើងមួយគ្រឿង ជើងដំរីមួយ ម៉ាស៊ីនបង្ហាប់មួយ ផ្លាកសញ្ញាចរាចរណ៍ ម៉ាស៊ីនកាត់ស្មៅ មានកៅស៊ូត្រជាក់ក្នុងការជួសជុលផ្លូវ ទោះបីភ្លៀងក៍យើងអាចជួសជុលបានដែរ ។
មួយវិញទៀតក្រសួងក៍បានរៀបចំចុះបញ្ជីយានយន្តតាមប្រពន្ធ័អនឡាញ ដើម្បីកាត់បន្ថយការចំណាយមិនប្រក្រតី ហើយបច្ចុប្បន្នត្រូវបានដាក់សាកល្បង និងដាក់ឲដំណើរការនៅដំណាច់ឆ្នាំ២០១៦នេះ ។
យើងនឹងបន្តប្តូរបណ្ណបើកបរតាមប្រព័ន្ធអន ឡាញ ឈៀកឡានតាមប្រព័ន្ធអនឡាញ នូវពេលឡានត្រូវចូលមកឈៀក យើងទូរសព្ទ័ទៅម្ចាស់ ឡាន ហើយប្រពន្ធអនឡាញនេះ នឹងដាក់ឲដំណើរការនៅចុងឆ្នាំ២០១៦ ឬនៅដើមឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲមានប្រសិទ្ធិភាព និង តម្លាភាព ។ ក្រសួងបានដាក់មណ្ឌលប្តូរប័ណ្ណបើកបរនៅផ្សារស៊ីអនម៉ល ហើយពេលនេះ មានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ហើយបានមកប្តូរយកបណ្ណបើកបរនៅផ្សាស៊ីអនមល ដើម្បីលប់បំបាត់ការរត់ការក្រៅផ្លូវការ ដោយអនុវត្តតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើឲមន្ត្រីសាធារណះការ និងដឹកជញ្ជូនត្រូវត្រួតពិនិត្យគ្រប់ការដ្ឋាន ហើយត្រូវដើរហាត់ប្រាណពិនិត្យការងារមើលផ្លូវ ថែទាំជាប្រចាំ៕