កំពង់ធំៈ រថយន្តធុនយក្ស ដឹកដីរបស់ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៦ បានចងកំហឹងជាមួយរថយន្ត ផ្តាច់ព្រលឹងតាក់ស៊ីតូរីស យ៉ាងពេញទំហឹង លាន់ដូចរន្ទះខែប្រាំង បណ្តាលឲ្យមាន អ្នករួមដំណើរ របួសធ្ងន់៣នាក់និងស្រាល៤នាក់ ចំណែករថយន្តតូរីស បានក្លាយជាចំណីព្រះអគ្គី សំណាងល្អក្នុងករណីគ្រោះថ្នាក់ ចរាចរនេះ មិនបណ្តាលឲ្យមានមនុស្សស្លាប់បាត់បងជីវិត តែជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ ដោយលំបាក។
ហេតុការនេះបានកើតឡើង នៅវេលាម៉ោង ១០.២០នាទីព្រឹក ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៤ រថយន្តទាំងពី គ្រឿងបានត្របាក់គ្នានៅត្រង់ចំនុច វាលសសៃ ស្ថិតនៅភូមិតាំងគោគ ឃុំ ស្រយោង ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ។
តាមការឲ្យដឹងពីសាក្សី ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកដី របស់ក្រុមហ៊ុនសាងសង់ផ្លូវ កំពុងតែដឹកដី ក៏ស្រាប់តែមានរថយន្តផ្តាច់ព្រលឹង ប្រភេទតូរី បានបើកយ៉ាងលឿន ហើយក៏បានគេចនិងកន្លុក ក៏ជ្រុលទៅបុកគ្នាជាមួយរថយន្តធុនយក្យ ក្នុងទិសដៅបញ្ជ្រាសទិសគ្នា បណ្តាលឲ្យឆ្លងចរន្តខ្សែភ្លើង ឆេះសន្ធរសន្ធៅនៅកន្លែងកើតហេតុតែម្តង ។
ខណៈពេលដែលកើតហេតុ ក៏ស្របពេលដែល រថយន្តរបស់កាកបាតក្រហម មកដល់ល្មម ហើយក៏លើកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ ទើបមិនបណ្តាលឲ្យស្គាលអត្តសញ្ញាណ ចំណែកតៃកុងឡានទាំងសងខាង ក្រោយពីកើតហេតុ ក៏ចុះ ពីលើរថយន្ត ដាក់មេប្រូចបាត់ស្រមោលតែម្តងទៅ ។
ក្រោយពេលកើតហេតុ កំលាំងនៃអធិការដ្ឋាន ស្រុកបារាយណ៍ សហការជាមួយ កងរាជអាវុធហត្ថស្រុក បារាយណ៍ បានចុះទៅកន្លែងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ ដើម្បីកុំឲ្យមានការកកស្ទះចរាចរ នៅលើ ដងផ្លូវ សម្រាប់រថយន្តបង្ករហេតុទាំងពីគ្រឿង ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋានស្រុកបារាយណ៍ ដើម្បី រងចាំភាគីទាំងសងខាងចូលមកដោះស្រាយដោយសន្តិវិធី ។