ខេត្តព្រះសីហនុ៖និស្សិតសាកលវិទ្យាល័យចំនួន២នៅក្នុងខេត្តព្រះសីហនុគឺសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចUME និងសាកលវិទ្យាល័យបៀលប្រាយ BBU ត្រូវបានក្រុមកាកបាទក្រហមខេត្តព្រះសីហនុសម្រេចជ្រើសសំរាប់គោលដៅបើកវគ្គផ្សព្វផ្សាយអប់រំអំពីសកម្មភាពនិងគោលបំណងរបស់កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិនិងគ្រីស្តាល់ក្រហម។
គោលបំណងសំខាន់នៃកម្មវិធីចុះអប់រំផ្សព្វផ្សាយនេះគឺដើម្បីអោយប្អូននិស្សិតតាមសាកលវិទ្យាល័យបានយល់ដឹងអំពី គោលការគ្រឹះទាំង៧របស់កាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិរួមទាំងគ្រីស្តាល់ក្រហមផងដែរ។
លោកសានបូរិទ្ធគ្រូបង្គោលកាកបាទក្រហមសាខាខេត្តព្រះសីហនុបានអោយដឹងថាកាកបាទក្រហមអន្តរជាតិមានគោលការណ៏គ្រឹះ៧យ៉ាងរួមមាន៖
១.ភាពមនុស្សធម៌ ២.ភាពមិនលំអៀង ៣.អព្យាក្រឹត្យភាព ៤.ឯករាជ្យភាព ៥.សេវាកម្មស្មគ្រចិត្ត ៦.ឯកភាព ៧.សកលភាព។
ដោយឡែក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ បៀលប្រាយសាខាខេត្តព្រះសីហនុក៏បានសំដែងការស្វាគមន៏ចំពោះមន្ត្រីកាកបាទក្រហមសាខាខេត្តព្រះសីហនុដែលបានមកជួយផ្សព្វផ្សាយដល់និស្សិតនៅសាកលវិទ្យាល័យបៀលប្រាយខេត្តព្រះសីហនុនេះ។
គួរបញ្ជាក់ថាចលនាកាកបាទក្រហមអន្តរជាតិនេះបានដំណើរការសកម្មភាពបេសកកម្មរបស់ខ្លួនតាំងពីឆ្នាំ១៨៥៩រហូតបច្ចុប្បន្ននេះក្រោមគំនិតផ្តួចផ្តើម ដោយ លោក ហង់រី ឌុយណង់ ជនជាតិស្វីសដើម្បីបំពេញបេសកកម្មមនុស្សធម៌ក្នុងសកលលោកដោយគ្មានការរើសអើងអ្វីឡើយ៕