កំពង់ធំៈ ប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាជំទាស់និង ព្រះចៅអធិការវត្តស្លែង ដោយសារកាប់ដើមអំពិលទឹកបារាំងយក្យមួយដើមដែលមានអាយុ១០០ឆ្នាំ ប្រជាពលរដ្ឋអះអាងថា ដើមអំពិលទឹកបារាំងនេះ មានមែកធំៗសាខា ជាម្លប់ត្រឈឹងត្រឈៃដល់ប្រជាពលរដ្ឋ ដែលបានមកធ្វើបុណ្យទាន និងជាចំណតសម្រាប់ចតយានយន្ត តែនៅពេល ដែលកាត់ចេញបានធ្វើឲ្យក្តៅហែង ម្យ៉ាងទៀតបានកាត់ដើមឈើនេះលក់ឲ្យឈ្មួញស្ងាត់ៗ ដែលជាសម្បត្តិរបស់វត្តស្លែង ស្ថិតនៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកមេឃុំក្តីដូង បានបញ្ជាក់ថាទូរស័ព្ទថា ព្រះចៅអធិការបានឲ្យឈ្មួញកាត់ដើមអំពិលទឹកបារាំងនេះ មុនថ្ងៃបុណ្យអុំទូកមួយថ្ងៃ ដោយពុំបានជូនដំណឹងដល់អាជ្ញាធរ ភូមិ ឃុំ ទើបមានបញ្ហាកើតឡើង ហើយឲ្យសមត្ថកិច្ចចុះទៅហាមឃាត់មិនឈ្មួញអោយដឹកចេញ លោកបានបន្តថា ដើម្បីឈើដែលមានអាយុកាលយូរយា ណាស់មកហើយ គួរតែជួយគ្នាអភិរក្ស ថែរក្សា មិនគួរណាកាប់នោះឡើយ។
ក្រោយពីប្រជាពលរដ្ឋ និងគណៈសង្ឃ និងមន្ទីរធម្មការ ប្រជុំនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ២០១៦ នៅក្នុងវត្តស្លែង ជម្លោះនៃការកាប់ដើមឈើមួយដើមនេះ ក្រោយពីដើមឈើនិងត្រូវបានកាត់ជាកង់ៗអស់ហើយនោះ ទើបមន្រ្តីសង្ឃស្រុកបានសម្រេចមិនអោយយកឈើទាំងនេះទៅណា គឺអោយរក្សាទុកនៅក្នុងវត្ត ហើយមន្រ្តីសង្ឃនិងចេញលុយឲ្យសម្រាប់ការធ្វើបង្គោលភ្លើងវិញ ដើម្បីបញ្ចប់បញ្ហា។
ព្រះតេជគុណព្រះនាម សៅ ប៊ុនថា បានសង្ឃដីការថា ការកាប់ដើមអំពិលបារាំងយក្យដែលមានអាយុជិត១០០ឆ្នាំនេះ គឺព្រោះចៅអធិការព្រះនាម ហួរ ចាន់ហេង បានឲ្យកាត់ដើម្បីដោះដូរជាមួយនឹងឈ្មួញ និងធ្វើបង្គោលភ្លើងចំនួន២ ដែលមានតំលៃដល់ ទៅ៣២០ដុល្លា ដោយមិនបានប្រើពាក្យថាលក់នោះទេ ក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើន រួមទាំងអាជ្ញាធរ ភូមិឃុំ បានចុះមកជំទាស់រារាំង មិនឲ្យមានការដោះដូរ ឬលក់ឲ្យឈ្មួញនោះទេ។
ព្រះតេជគុណ ព្រះចៅអធិការវត្ត ហួរ ចាន់ហេង បានមានពុទ្ធដិការថាដោយយល់ថា ដើមអំពិលបារាំងយក្យនេះ មានអាយុកាលជិត ១០០ឆ្នាំ ហើយផ្នែកខាងចុងមានការពុកផុយ ទើបបានប្រជុំគណៈកម្មការវត្ត ដើម្បីធ្វើការដោះដូរ ឲ្យឈ្មួញយកទៅ ហើយនិងសុំបង្គោលភ្លើងចំនួន២ ដើមដើម្បីដាក់បំភ្លឺជំវិញព្រះវិហារ ព្រះតេជគុណ បានបន្តថា ដោយយល់ថាខ្លាចមានហានិភ័យដល់ប្រជាពលរដ្ឋ ដូចជាឡាន និងមនុស្ស ដែលមកកាន់វត្ត ជួបគ្រោះថ្នាក់ដោយប្រកាណាមួយនោះ ម្យ៉ាងទៀត មែកឈើធំៗបានទ្រាតមកលើឃឿនព្រះវិហារ ខ្លាចក្រែងបាក់ធ្វើឲ្យខូចខាត ទើបសម្រេចចិត្តកាត់ដើមអំពិលបារាំងចេញដើម្បីកែលំអរសោភ័ណភាពវត្តស្លែងនេះ ចំណែកកំណាត់ឈើដែលកាត់ហើយនៅ និងទុកសម្រាប់កែច្នៃជាតុព្រះសង្ឃគង់ឆាន់ ។
ដោយ ប៊ុន រដ្ឋា



































