កំពង់ចាម: ក្មេងប្រុសអាយុ១៨ខែម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលដើរតាមផ្លូវតែម្នាក់ឯង ហើយត្រូវរម៉កដឹកស៊ីម៉ងត៍បើកបុកពេញទំហឹង ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៣ វិច្ឆិកា ២០១៦ នៅលើកកំណាត់ផ្លូវលេខ៧០ ស្ថិតក្នុងភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានម៉ូតូសណ្តោងរម៉កដឹកស៊ីម៉ងត៍១គ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះវ៉ា សា អាយុ២២ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកបរពីទិសខាងត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែបានបុកក្មេងប្រុសអាយុ១៨ខែម្នាក់ ដែលកំពុងតែដើរនៅតាមផ្លូវតែម្នាក់ឯង ពីទិសខាងកើតទៅលិច បណ្តាលឲស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នកបើកបរម៉ូតូរម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាការធ្វេសប្រហែសរបស់ឪពុកម្តាយ ដែលមើលថែរក្សាកូនតូចៗរបស់ខ្លួនមិនដិតដល់ បណ្តែតបណ្តោយឲ្យកូនក្មេងរត់លេងឆ្លងថ្នល់តែម្នាក់ឯង។
បច្ចុប្បន្ន អ្នកបើកបររម៉កម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកងមាស ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ចំណែកសាកសពក្មេងប្រុសរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




































