កំពង់ធំៈសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានUMA កំពុងតែបោះជំហ៊ាន និងបានបង្ហាញនូវស្នារដៃជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសអាស៊ាន ក្នុងការដើរតួនាទីដ៏មានសារៈសំខាន់ ពាំនាំនូវសុខសន្តិភាពជូនប្រជាពលរដ្ឋនៃប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា ថៃ វៀតណាម និងភូមា បានប្រើប្រាស់ប្រយោជន៍នៃវិស័យសារព័ត៌មាន ដែលអ្នកសារព័ត៌មាន បានបំពេញនូវការតព្វកិច្ច ពាំនាំនូវដំណឹងដ៏មានប្រយោជន៍ សម្រាប់ជម្រុញឲ្យមានសន្តិភាព រវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ប្រជាជននិងប្រជាជនសេដ្ឋកិច្ច និងសង្គម ដើម្បីអភិវឌ្ឍ។
សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA បានចាប់បដិសន្ធិនៅខែតុលា ឆ្នាំ២០១០ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសជាសមាជិក កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងបានទទួលស្គាល់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខរដ្ឋាភិបាលបណ្តាប្រទេសនៃអាស៊ានផងដែរ ។
លោក ប្រាស៊ីត សែនរុងរឿង អគ្គលេខាធិការ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA បានមានប្រសាសន៍ថា ការបង្កើតឲ្យមានUMAនេះគឺជាការរួបរួមអ្នកសារព័ត៌មាន អាជីព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ នៃអាស៊ាន ដើម្បីរួមគ្នាទប់ស្កាត់ការបង្កើតនូវជម្លោះ ទើសទែងរវាងប្រទេសជិតខាងតាមបន្ទាត់ព្រំដែន និងមានតួនាទីនាំយកដំណឹងល្អៗដែលមានប្រយោជន៍ដល់ប្រជាជនទាំងសងខាង ហើយUMA កំពុងតែបោះជំហ៊ានទៅមុខទទឹមគ្នាភាពជោគជ័យ ដោយនាំយកពានរង្វាន់សន្តិភាពជូនដល់ថ្នាក់ដឹកនាំនៃប្រទេសវៀតណាម និងភូមា បន្តទៀត។
ជាក់ស្តែងក្នុងថ្ងៃនេះផងដែរ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA មានកិត្តិយស់ ដែលបានដឹកនាំដោយលោក ប្រាស៊ីត សែងរុងរឿង លោក សុខ សុវណ្ណា លោក កង អរុន លោក កែវ ចាន់ដួង លោក ម៉េង សោភ័ណ រួមទាំងមន្រ្តីព័ត៌មានជាច្រើនរូបទៀត បាននាំយកពានរង្វាន់សន្តិភាពជូនដល់ ឯកឧត្តម Patanaphon Peanchai អភិបាលខេត្តឈុន ប៊ុរី ព្រះរាជណាចក្រថៃឡង់ នូវគុណបំណាច់ដែលឯកឧត្តមបានជួយសម្រួល ឲ្យកម្មករខ្មែរ មានសិទ្ធិធ្វើការនៅក្នុងព្រះរាជាណាចក្រថៃដោយស្របច្បាប់រហូតមកដល់បច្ចុប្បន្ននេះ កាលពីឯកឧត្តម ជាអភិបាលខេត្តស្រះកែវ ដោយយោងតាម ការស្នើរសុំរបស់ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA ពិធីប្រគល់ពានត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តឈុន ប៊ុរី ថ្ងៃទី ២៨ ខែ វិឆ្ឆិកា ឆ្នាំ ២០១៦។
លោក សុខ សុវណ្ណ អគ្គលេខាធិការង និងជាប្រធានក្រុមអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា គោលបំណង សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA គឺចង់អោយប្រទេសជិតខាងមានការទំនាក់ទំនងល្អ ជាពិសេសប្រព័ន្ឋព័ត៌មាន ដើម្បីឲ្យប្រជាពលរដ្ឋយល់ជ្រាប់ ការទំនាក់ទំនងរវាងរដ្ឋាភិបាល រវាងប្រទេសនិងប្រទេស ហើយពាំនាំអ្វីដែលជា សារៈសំខាន់នៅប្រទេសនីមួយៗដើម្បីឲ្យប្រជាពលរដ្ឋទាំង២បានឃើញ ព្រមទាំងចង់ឲ្យមានការផ្លាស់ប្តូរ ប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តាព្រំដែនមានជីវភាពរស់នៅល្អប្រសើរ សំបូរសប្បាយដែលជាការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានសន្តិភាព និងមិនចង់ឲ្យមានសង្រ្គាមបំផ្លាញប្រទេសនីមួយៗ ដែលជាគោលបំណង់ធំរបស់ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន។
ដោយ ប៊ុន រដ្ឋា




































