ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរងការខូចខាតដោយសាររថយន្តធុនយក្យ ប្រជាពលរដ្ឋកាក់យកលុយពីឡាន

0

កំពង់ធំៈ ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ត្រូវបានខូចខាតយ៉ាងដំណំ ដោយសាររថយន្តធុនយក្យ ដឹកឈើ ដឹកកៅស៊ូ បំផ្លាញខួបប្រាំង ខួបវស្សា បង្ករឲ្យខូចដាច់ បង្ករឲ្យការចរាចរណ៍ រថយន្តធុនតូចធំ និងប្រជាពលរដ្ឋធ្វើដំណើរ រងគ្រោះ ការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែរនេះ ដែលលាតសន្ធឹងពីឃុំ ក្រយា ស្រុកសន្ទុក ទៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ តែទោះជាមានការដាក់កុងត្រូលចាំយកលុយពីឡាន ដែលដឹកឆ្លងកាត់ចំនុចផ្លូវដាច់ទាំងនេះ ក៏អាជ្ញាធរ ស្រុក អាជ្ញាឃុំ ពុំមានវិធានការជួសជុល បែរជាបណ្តែតបណ្តោយឲ្យផ្លូវខូច រួមដៃបើកឳកាសឲ្យមានការកាក់រថយន្ត​យកលុយពីអ្នកធ្វើដំណើរ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះអោយតែដល់រដូវខែភ្លៀងធ្លាក់ តែងតែមាន អ្នកភូមិនាំយកត្រាក់ត័រ គោយន្ត មកចាំសណ្តោងអូសឆ្លងកាត់ផ្លូវដាច់ ក្នុងរថយន្តមួយគ្រឿង៤ម៉ឺនរៀល រថយន្តធំ៨ម៉ឺនរៀល ម៉ូតូ៥ពាន់រៀល ដែលជាពេលឆ្មក់ឳកាសរកស៊ីលើផ្លូវសាធារណៈ ដោយពុំមានវិធានការ ទប់ស្កាត់និងហាមឃាត់នោះទេ ទើបបណ្តាលឲ្យក្លាយជាទំម្លាប់ប្រពៃណីរបស់ស្រុកសន្ទុក នៅចំនុចអូតាព្រំ ឃុំត្រពាំងឬស្សី ស្រុកសន្ទុក ខេត្តកំពង់ធំ ។

អ្នកស្រី សួរ សុភាព ដែលជាប្រជាពលរដ្ឋ ចាំកាក់យកលុយពីរថយន្តដែលឆ្លងកាត់ទីតាំងផ្លូវដាច់ បានឲ្យដឹងថា ក្រោយពីអ្នកស្រីបានឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ទីនេះ មានផល លំបាកពេក អ្នកស្រីបានរួបរួមគ្នាជាមួយអ្នកជិតខាង៤នាក់ នាំគ្នាទិញជំនៀរឈើពុះ យកមកដាក់ក្រាលផ្លូវ នៅចំនុចផ្លូវដាច់ ហើយចំណូលដែលបានមក គឺស្រេចតែមនោសញ្ចេតនារបស់ អ្នកធ្វើដំណើរ ខ្លះឲ្យ២ពាន់ រថយន្តធំ៥ពាន់ ហើយយកមកចែកគ្នា អ្នកស្រីបានបន្តថា ការដាក់ក្រាលឈើដើម្បីឲ្យរថយន្តបើកបរបាន ស្រួលនេះគឺក្នុងគោលបំណងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើន បានសំណូមពរឲ្យពួក គាត់ជួយរៀបចំផ្លូវ ហើយក៏ពុំមានការពាក់ព័ន្ឋនឹងស្ថាប័នខាងណាឲ្យដាក់ដែរ ។

ពាក់ព័ន្ឋនិងការចោទប្រកាន់ថា អជ្ញាធរស្រុកសន្ទុក ពុំមានការអើពើ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ បណ្តាលឲ្យផ្លូវខូច ពិបាកក្នុងការធ្វើដំណើរនេះ អ្នកសារព័ត៌មាន យើងពុំអាចធ្វើការទំនាក់ទំនងបានទេ ដោយសារខលចូលលេខទូរស័ព្ទលោក យស់ បញ្ញារិទ្ធ អភិបាលស្រុកសន្ទុកជាច្រើនលើក​តែពុំមានការទទួលទូរស័ព្ទ តែទោះជាយ៉ាងណានោះ ក៏ប្រជាពលរដ្ឋសំណូមពរ ឲ្យគណៈបញ្ជាការឯកភាពស្រុកសន្ទុក មានវិធានការចំពោះរថយន្តដឹកឈើ ដឹកអុស ដឹកជ័រ ដែលផ្ទុកលើសទម្ងន់ ចាត់វិធានការជាបន្ទាន់ ដើម្បីរក្សាផ្លូវលំមួយខ្សែនេះ។

ដោយ  ប៊ុន  រដ្ឋា