កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជនមួយគ្រួសារ ក្រោយពីស្វាម៉ីបានស្លាប់ទៅ អ្នកមីងទ្រាំតស៊ូជីវិតចិញ្ចឹមកូននៅក្នុងបន្ទុក ចំនួន៤នាក់ រស់ដោយមានជីវភាពខ្វះខាត បានព្រឹកខ្វះល្ងាច តែទោះជាជីវិតជួបការលំបាកក៏ពុះពារគ្រប់សព្វបែបយ៉ាងឲ្យកូនតូចៗបានរៀនសូត្រ ក្នុងនោះក៏មានការយកចិត្តទុកដាក់ ពីសំណាក់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងមានការអាណិតអាសូពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមការងារអតីតយុទ្ធជន សាងសង់ផ្ទះមួយខ្នងជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានរស់នៅក្នុងភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីប្រគល់ផ្ទះមួយខ្នង ដែលធ្វើអំពីឈើ ប្រកសង្ខសី ទំហំ៤ម គុណ៦ម ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ និងសហការី រួមដំណើរដោយ លោកវរៈសេនីយ៍ត្រី យ៉ង់ សំ ប្រធានសអក និង លោក អុំ ឈាង លី អនុប្រធានសអក ស្រុកស្ទោង ព្រមទាំងមេឃុំ មេភូមិ បានទៅប្រគល់ផ្ទះមួយខ្នងទើបសាងសង់ថ្មី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាតាមសំណើររបស់លោកមេឃុំចំណាក្រោម។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ការសាងសង់ផ្ទះមួយខ្នងនេះ ត្រូវបានចំណាយថវិការអស់ទឹកប្រាក់ 4.350.000 រៀលត្រូវបានប្រគល់គេហដ្ឋានថ្មី ជូនលោក ស្រី កាយ រ៉េត អាយុ52ឆ្នាំគ្រួសារយុទ្ឋជនពលីមានកូននៅក្នុងបន្ទុកចំនួន4 នាក់ ក្នុងនោះក្រុមការងារបានផ្តល់ជូនគាត់បន្ថែមមាន អង្ករ 25 គីឡូក្រាម មីយើង មួយកេស ទឹកត្រី ទឹកស៊ីអ៊ីវពីរយួរ ត្រីខ មួយយួរ និង ថវិកាចំនួន 100.000រៀលផងដែរ រួមទាំងថ្នាំពេទ្យមួយចំនួន សម្រាប់ព្យាបាលក្នុងផ្ទះ។
ក្នុងឳកាសនោះ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តំាផ្ញើរដល់អ្នកមីង ឲ្យថែរក្សាសុខភាព អនាម័យ អាចនិងធ្វើឲ្យមានជំងឺផ្សេងៗ ជាពិសេសផ្ទះសំបែងឲ្យមានការប្រុងប្រយ័ត្នក្នុងរដូវរំហើយ ចៀសវាងបង្ករឲ្យមានឧបតិព្វហេតុកើតឡើង និងខិតខំចិញ្ចឹមបីបាច់កូនចៅឲ្យមានការរៀនសូត្រគ្រប់គ្នា ដើម្បីបញ្ច្រៀសនូវគ្រោះអវិជ្ជា ឃ្លាតឲ្យឆ្ងាយពីល្បែងស៊ីសង និងគ្រឿងញៀន ឲ្យកូនក្លាយជាមនុស្សល្អ រស់នៅក្នុងសង្គម ។
ដោយ ប៊ុន រដ្ឋា 



































