កំពង់ចាម: ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះស្ត្រីម្នាក់ទើបតែត្រូវដោះលែងចេញពីពន្ធនាគារព្រោះតែគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់ និងកម្លាំងសន្តិសុខការពារចំការកៅស៊ូបឹងកេត ចុះបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះបូរីកម្មករក្រុមហ៊ុនឡុងស្រែង ស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកប៉ាក សុជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ការបង្ក្រាបនេះគឺកម្លាំងជំនាញបានប្រើវិធានការញុះញង់ ដើម្បីឃាត់ខ្លួនមុខសញ្ញាចែកចាយ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន៥នាក់ ដែលជនសង្ស័យរួមមាន ១-ឈ្មោះណូស្មាអែល ហៅពៅ ហៅបូរី ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ បច្ចុប្បន្នដើរស្នាក់នៅគ្រប់កន្លែង។
២-ឈ្មោះណូ ហាប់សោះ ភេទស្រី អាយុ៤២ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ជាមុខសញ្ញាទើបតែដោះលែងពីពន្ធនាគានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដដែល។៣-ឈ្មោះអែល អិលវី ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ។៤-ឈ្មោះកូប ប៉ាហ្ស៊ី ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
និងទី៥-ឈ្មោះសុង សេង ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច រឹបអូសបាននូវវត្ថុតាងរួមមាន ថ្នាំញៀនម្សៅក្រាមពណ៌ចំនួន១កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង សំភារៈសេពគ្រឿងញៀនមួយចំនួនទៀត ប្រាក់ញុះញង់ចំនួន៣៥0000រៀលម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ក្រហម សេរីឆ្នាំ២០១០ ឡើងតែម២០១៤ លេខតួ+លេខម៉ាស៊ីន8500972ស្លាកលេខ1B-0684 និងទូរសព្ទម៉ាកមិតហ្វូន១គ្រឿងផងដែរ។បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕



































