ដោយ: យក្ខឡោម ខេត្តរតនគិរី៖ សាកសពស្ត្រីម្នាក់កប់ក្នុងដីលេចចេញដៃម្ខាង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង១នឹង២៤នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចំការកៅស៊ូចាស់របស់រដ្ឋ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគរបាលខេត្ត លោកព្រះរាជអាជ្ញា ពេទ្យខេត្ត នឹងកម្លាំងអធិការក្រុងបានលុង បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
យោងតាមរបាយការណ៍ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពដែលកប់ក្នុងដីលេចចេញដៃ មានឈ្មោះ ផន ពៅ ភេទស្រី អាយុ៤៧ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរក្នុងផ្សាររាត្រី មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
បើតាមការសនិ្នដ្ឋានដំបូងរបស់សមត្ថកិច្ច ករណីនេះជាករណីឃាត់កម្ម(ប្តីវាយសម្លាប់ប្រពន្ធ)រួចយកសាកសពប្រពន្ធទៅកប់ចោលនៅចំការកៅស៊ូ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យជាប្តីបានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយទេ គ្រាន់តែបញ្ជាក់ថាស្ត្រីរងគ្រោះត្រូវបានប្តីវាយសម្លាប់មុនមួយថ្ងៃបន្ទាប់ពីប្រទះឃើញ។បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងតាមចាប់ជនដៃដល់ជាប្តីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕


































