ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារជិះម៉ូតូបុករថយន្តកុងតឺន័រមួយគ្រឿងចតស្ងៀមក្បែរចិញ្ចើមផ្លូវ បណ្ដាលអោយបោកក្បាលនិងជ្រុងកុងតឺន័រផុងលលាដ៍ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចមុខផ្ទះលក់រថយន្ត MP232 តាមបណ្ដោយផ្លូវ១៨២ (ទេពផន) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញផ្នែកចរាចរដែលបានសុំឆែកកាមេរ៉ាសុវត្តិភាពផ្ទះលក់រថយន្តនៅចំណុចកើតហេតុបានអោយដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក សត់ ភេទប្រុសអាយុ៣២ឆ្នាំ មានស្រុកកំណើតឃុំវៀង ស្រុកសំរោង ខេត្តតាកែវ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-8577 បានជិះ
ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានបុករថយន្តកុងតឺន័រពីក្រោយដែលចតស្ងៀមក្បែរចិញ្ចើមផ្លូវបណ្ដាលអោយបោកក្បាលនិងជ្រុងដែកទូកុងតឺន័រផុងលលាដ៍ក្បាលដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុរថយន្តកុងតឺន័របានបើកចេញពីកន្លែងកើតហេតុបាត់ ទើបប្រជាពលរដ្ឋ
មានការភ្ញាក់ផ្អើលប្រទះឃើញជនរងគ្រោះក៏រាយការប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសព។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តកុងតឺន័រសមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរក៕







































