ខេត្តរតនគិរី៖ កម្លាំងជំនាញពន្លត់អគ្គីភ័យ ត្រូវចាត់ទុកប្រជាពលរដ្ឋ ជនរងគ្រោះដោយសារអគ្គីភ័យគឺជាបងប្អូនសាច់ញាតិរបស់ខ្លួនមានប្រសាសន៍ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យលើកទី២ ដែលប្រារព្វធ្វើនៅក្រុងបានលុង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ
ឆ្នាំ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងនូវការកោតសរសើរចំពោះកម្លាំងជំនាញអគ្គីភ័យ ដែលបានលះបង់ខ្ពស់ក្នុងការអន្តរាគមន៍ ចុះជួយបាញ់ពន្លត់អគ្គីភ័យដែលបង្ករជាវិនាសអន្តរាយផ្សេងៗចំពោះប្រជាពលរដ្ឋ ។ ស្របពេលដែលខេត្តរតនគិរីកំពុងមានការរីកចម្រើនផ្នែកសំណង់ អគារ គ្រប់ប្រភេទជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបានខិតខំពង្រឹងវិធានការ មធ្យោបាយគ្រប់ប្រភេទក្នុងការបង្ការ និងទប់ស្កាត់ និងពន្លត់អគ្គីភ័យ ធានារក្សាប្រយោជន៍ជូនសាធារណៈជនបានទាន់ពេលវេលា ។
ទន្ទឹមនឹងនោះឯកឧត្តមក៏បានជំរុញលើកទឹកចិត្តឲ្យកម្លាំងទាំងអស់ត្រូវចាត់ទុកថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យគឺជាបងប្អូន សាច់ញាតិ របស់យើងគ្រប់គ្នា និងមិនត្រូវប្រកាន់បក្សនយោបាយឡើយ ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមដល់អង្គភាពពាក់ព័ន្ធទាំងអស់ឲ្យជំរុញការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានការចូលរួមទប់ស្កាត់អគ្គីភ័យ ជាពិសេសនៅពេលមានអគ្គីភ័យកើតឡើងប្រជាពលរដ្ឋគ្រប់មជ្ឈដា្ឋន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវតែធានាបានមាននូវឧបករណ៍ពន្លត់អគ្គីភ័យ និងចេះទប់ស្កាត់បឋមមុនកម្លាំងជំនាញអន្តរាគមន៍មកដល់ ។
អាជ្ញាធរពាក់ព័ន្ធត្រូវបិទផ្សាយនូវលេខទូរស័ព្ទកម្លាំងអន្តរាគមន៍ប្រចាំការនៅតាមទីសាធារណៈ ទីប្រជុំជនសម្រាប់ប្រជាពលលរដ្ឋទំនាក់ទំនងបានគ្រប់ពេលវេលា ។
របាយការណ៍ឆ្នាំ២០១៦ បានបង្ហាញថា នៅទូទាំងខេត្តរតនគិរី មានករណីអគ្គីភ័យកើតឡើងចំនួន ១៨ លើក ធៀបជាមួយឆ្នាំ២០១៥ មានការថយចុះ ០៩ លើក ។ ករណីទាំងនោះបណ្តាលឲ្យខូចខាតទ្រព្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៥ ខ្នង ប្រាក់ដុល្លារ ៤,៥៣០ ដុល្លារ ប្រាក់រៀល ៨ លានរៀល និងសំភារៈមួយចំនួនទៀត ៕ ដោយ: យក្ខ ឡោម