ព្រះវិហារៈ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីលោក សេង សារី ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្ត និងអង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរខ្សែ ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី និងស្រុកជ័យសែន។
លោក សេង សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវចំនួនពីរខ្សែនេះ គឺជាថវិកាជំនួយឥតសំណងរបស់ធនាគារ (KFW) ប្រទេសអាល្លឺម៉ង់ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលខ្សែទី១ ចាប់ពីចំណុចស្វាយប៉ាត ទៅដល់ចំណុចទីរួមស្រុកសង្គមថ្មី ដែលមានប្រវែង ១៧គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងស្មាផ្លូវ ១ម៉ែត្រសងខាង។ មានលូមូលកាត់ផ្លូវ ចំនួន១៥កន្លែង លូមូលអមផ្លូវចំនួន ១០កន្លែង និងលូប្រអប់កាត់ផ្លូវ ចំនួន៤កន្លែង ដែលទទួលការសាងសង់ដោយក្រុមហ៊ុន Dragon Aider។ និងខ្សែទី២ ចាប់ពីចំណុចក្រាំងដូង ទៅដល់ចំណុចទីរួមស្រុកជ័យសែន ដែលមានប្រវែង ៣២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងស្មាផ្លូវ ១ម៉ែត្រសងខាង។ មានលូមូលកាត់ផ្លូវចំនួន ១៥កន្លែង លូមូលអមផ្លូវចំនួន ១០កន្លែង និងលូប្រអប់ចំនួន ១១កន្លែង ដែលទទួលការសាងសង់ដោយក្រុមហ៊ុន បន្ទាយស្រី។
លោកបានបន្តថា គម្រោងទាំងពីរខាងលើនឹងរួចរាល់បញ្ចប់នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ខាងមុខនេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ផ្តាំផ្ញើរ ទៅអ្នកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គឺត្រូវធ្វើយ៉ាងណាចូលរួម តាមដានឲ្យបានម៉ត់ចត់ នូវរាល់បច្ចេកទេស និងរបាយការណ៍រីកចម្រើនទៅតាមដំណាក់ដែលក្រុមហ៊ុនស្នើសុំ។ ហើយឯកឧត្តម ក៏បានស្មើសុំឲ្យខាងក្រុមហ៊ុន ជួយបំពេញនូវផ្លូវក្រឡុកប្រហែល ២គីឡូម៉ែត្រដែលមិនមាននូវក្នុងគម្រោង ហើយភ្លាមៗនោះក្រុមហ៊ុនក៏ទទួលយកការស្នើសុំរបស់ឯកឧត្តមផងដែរ៕
មាន វណ្ណតារា