ខេត្តរតនគីរី ៖ លោក ជន់ គឹមឡេង ប្រធានបរិស្ថានស្រុកលំផាត់ត្រូវជាកូនប្រុសរបស់លោកប្រធានដែនជម្រកសត្វព្រៃលំផាត់ បានវាយអ្នកកាសែតម្នាក់បណ្ដាលឲ្យបែកក្បាល
បន្ទាប់ពីអ្នកកាសែតរូបនោះនិយាយពាក់ព័ន្ធដល់ការងារផ្ទៃក្នុងរបស់បរិស្ថានស្រុក ។ ជម្លោះនោះកើតឡើងក្នុងវង់ផឹកស៊ីតែម្តង ខណ:ដែលអ្នកកាសែតបានប្រាប់ប្រធានបរិស្ថានថា កុំចាប់ឈើយកពេក ហើយកុំចាប់ប្រជាជនរកស៊ីឈើបន្តិចបន្ទួច ចំណែកអារកស៊ីធំៗ អត់ចាប់ទេ ។
លោក ថេង ចាន់ធី អធិការនគរបាលស្រុកលំផាត់ បានប្រាប់អ្នកសារព័ត៌មានថា ជម្លោះផឹកស៊ីនាំឲ្យរហូតដល់មានការបែកក្បាលនេះ បានកើតនៅក្នុងបន្ទាយយោធាស្រុកលំផាត់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ។ ជនរងគ្រោះឈ្មោះ រាជ សម្បត្តិ ហៅ ផល ជាភ្នាក់ងារ កាសែត គំនិតខ្មែរ មានទីលំនៅក្នុងទីរួមស្រុកលំផាត់ ។
លោកបន្តថា ជនបង្កពិតជាមន្ត្រីបរិស្ថានមែន តែបានរត់គេចខ្លួនបាត់ហើយ ចំណែកនគរបាលស្រុកឃាត់បានតែរថយន្តប៉ុណ្ណោះ។
តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ប្រធានបរិស្ថានស្រុក និង អ្នកកាសែតសុទ្ធតែមនុស្សស្គាល់គ្នា ពេលកំពុងផឹកស៊ីស្រាប់តែមានជម្លោះពាក្យសម្តីកើតឡើងរហូតប្រធានបរិស្ថានស្រុកលំផាត់បានទាញកៅអីវាយអ្នកកាសែតរូបនោះរហូតដល់បែកក្បាល ។ ក្រោយកើតហេតុសមត្ថកិច្ចទៅដល់ ចាប់បានតែរថយន្តទេ ដោយឡែកប្រធានមន្ទីរបរិស្ថានរូបនេះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ។
លោក រាជ សម្បត្តិ ហៅផល បានឲ្យដឹងថា ដោយសារតែជាបងប្អូននឹងគ្នាទើបលោក មិនបានប្តឹងផ្តល់នោះទេ ហើយបានបញ្ចប់រឿង ថែមមិនទាមទារសំណងថ្លៃព្យាបាលថែមទៀតផង ។
យ៉ាងណាក៏ដោយ តាមច្បាប់ជនបង្កត្រូវប្រឈមនឹងបណ្តឹងអាជ្ញាមិនអាចរួចខ្លួនឡើយ បើទោះបីជាជនរងគ្រោះមិនដាក់ពាក្យប្តឹងក៏ដោះចុះ ៕ដោយ: យក្ខឡោម