សៀមរាប៖ សហគមន៍ ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង ដែលជាអ្នកគ្រប់គ្រង និងថែរក្សានៅទីនោះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីដាំកូនឈើ ចំនួន៦០០៥ដើម ដើម្បីអភិរក្សធនធានធម្មជាតិ ទាំងសត្វស្លាបទឹក និងពូជត្រីក្នុងបឹងធម្មជាតិពារាំងមួយនេះឲ្យកាន់តែប្រសើឡើងថែមទៀត ។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងបានឲ្យដឹងថា ដើម្បីអភិរក្សធនធានធម្មជាតិ ទាំងសត្វស្លាប និងពូជត្រីក្នុងបឹងធម្មជាតិពារាំងនេះឲ្យកាន់មានភាពល្អប្រសើរសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងដែលជាអ្នកគ្រប់គ្រង និងថែរក្សានៅទីនោះ ដោយមានការគំាទ្រ និងចូលរួមពីអាជ្ញាធរគ្រប់លំដាប់នៅព្រឹកថ្ងៃទី៩ខែមីនានេះបានរៀបចំកម្មវិធីដាំកូនឈើប្រភេទរំាងទឹកចំនួន៦០០៥ដើមនៅលើផ្ទៃដីជាង២ហិកតានៅក្នុងតំបន់អភិរក្សបឹងពារំាង។
ព្រះតេជគុណ សន សារិទ្ធ ចៅអធិការវត្តព្រិន្ទបានសង្ឃដីការថា កន្លងមកព្រះអង្គរួមជាមួយពុទ្ធបរិសទ័តែងតែរួមគ្នាគំាទ្រដល់សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងនេះដោយសារតែឃើញថាសហគមន៍និងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈការអភិរក្សបាននូវធនធានធម្មជាតិ ទាំងសត្វស្លាប និងពូជត្រីក្នុងបឹងធម្មជាតិនេះ។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានមានប្រសាសន៍ថា នៅក្នុងបឹងពារំាងនេះពីដើមកគឺសំបូគ្រប់បែបយ៉ាងទំាងត្រី ព្រៃឈើ សត្វ និងជីវៈចម្រុះ ប៉ុន្តែនៅក្នុងមួយរយៈពេលចុងក្រោយនេះ គឺមានការបាត់បង់ធនធានមួយចំនួនដោយសារតែការគ្រប់គ្រង និងអភិរក្សនៅតំបន់នេះមិនបានល្អ។ ប៉ុន្តែឥឡូវនេះអាជ្ញាធរសង្កាត់បានបង្កើតឲ្យមានសហគមន៍មួយជាអ្នកគ្រប់គ្រង និងថែរក្សានៅទីនោះ គឺធនធានធម្មជាតិនិងជីវៈចម្រុះនៅតំបន់នេះមានភាពល្អប្រសើរឡើងវិញ។
លោកបានបញ្ជាក់ថា បន្ទាប់បានអភិរក្សបឹងពារំាងនេះល្អក្នុងរដូវវស្សាកន្លងមកនេះឃើញថា ទិន្នផលត្រីនៅតំបន់នេះមានភាពល្អប្រសើរជាបណ្តាឆ្នំាមុនៗ ហើយនៅខាងមុខនេះលោកមានបំណងស្នើសុំទៅរាជរដ្ឋាភិបាលស្តានូវត្រពំាងបឹងបួរដែលនៅក្នុងសង្កាត់ជ្រាវនេះឡើងវិញដើម្បីឲ្យរដូវវស្សាត្រីដែលមាននៅក្នុងបឹងពារំាងនេះឡើងទៅចូលនៅក្នុងបឹងទំាងនោះអាចឲ្យប្រជាពលរដ្ឋរកទទួលទានបាននៅរដូវស្សា។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានមានប្រសាសន៍ថា ការគ្រប់គ្រងថែរក្សា អភិរក្សធនធានធម្មជាតិទាំង សត្វស្លាប ពូជត្រី និងព្រៃលិកទឹកក្នុងបឹងធម្មជាតិបឹងពារំាងបានល្អ គឺមិនត្រឹមតែមានត្រីច្រើនសម្រាប់ប្រជាពលរដ្ឋចាប់ហូបនោះទេ តែវាជាសក្តានុពលទេសចរណ៍សម្រាប់សម្រាប់ទាក់ទាញ់ភ្ញៀវទេសចរឲ្យមកទស្សនាតំបន់នេះ និងបានផ្តល់ប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។លោកសង្ឃឹមថា នៅពេលការស្ថាបនាផ្លូវមកកាន់តំបន់នេះល្អអ្នកទេសចរនិងមកទស្សនាតំបន់ច្រើន ៕
ខេង ឧត្តម