ខេត្តរតនគិរី៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកបកែវម្នាក់ ឈ្មោះ ទន់ វិរៈភាព បានហ៊ុព័ទ្ធដីព្រៃឈើមួយកន្លែង នៅតាមមាត់ទន្លេសេសាន ស្ថិតក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយឈូសឆាយព្រៃ និងមាត់ច្រាំងទន្លេ ធ្វើជាកម្មសិទ្ធិ ដោយសំអាងថា ទិញដីពីប្រជាពលរដ្ឋ ។លោក ទុន វិរៈភាព មន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុកបរកែវ បានប្រាប់អ្នកសាព័ត៌មានថា ដីនេះគាត់ទិញពីប្រជាពលរដ្ឋ ជាដីចំការដំឡូង ហើយមាន ការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ចំណែកការយកគ្រឿងចក្រឈូសឆាយ គឺលោកមិនបានឈូសឆាយទេ ពីព្រោះដីនោះជាដីចំការវាលស្រាប់ ។
ចំណែកលោក សេវ ស្វែន មេឃុំសេសានបានឲ្យដឹងថា ការឈូសឆាយដីរបស់លោក ទន់ វិរៈភាព នោះលោកមិនបានដឹងទេ គឺគេឈូសឆាយស្រេចតែចិត្ត មិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាននោះទេ ។លោកថា ការឈូសឆាយធ្វើអ្វីមួយគួរតែម្ចាស់ ឬ ក្រុមហ៊ុននោះ ជូនដំណឹងដល់គាត់សិន ។ដោយឡែកលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ ក៏បានឲ្យដឹងដែរថា លោកបានត្រឹមត្រួត ពិនិត្យឯកសារពាក់ព័ន្ធតែប៉ុណ្ណោះ ចំណែកការឈូសឆាយយ៉ាងនោះ គឺគេធ្វើតាមតែអំពើចិត្ត គេមិនបាន ជូនដំណឹង ឬសុំអនុញ្ញាតិអ្វីទេ។
លោកបញ្ជាក់ថា លោក ទន់ វិរៈភាព ជាមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើស្រាប់ ដូច្នេះការងារនេះ ទាល់តែលោកនាយផ្នែករដ្ឋបាលព្រៃឈើ ឬ ខណ្ឌរដ្ឋបាលព្រៃឈើជាមេរបស់គេទើបដឹងច្បាស់ ។
ទាក់ទិនករណីខាងលើនេះ លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ និង លោក កែប កត់នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបានអះអាងដូចគ្នាថា ករណីឈូសឆាយដីព្រៃ ឬ ដីចំការខាងនេះ លោកមិនបានដឹងទេ ពីព្រោះលោក ទន់ វិរៈភាព នេះធ្វើអីមិនដែលគោរពច្បាប់ ឬគោរពអ្នកណាម្នាក់ទេ ។
តាមការបញ្ជាក់របស់អាជ្ញាធរគ្រប់ថ្នាក់ និងមន្ត្រីជំនាញ គឺបានបង្ហាញថា លោក ទន់ វិរៈភាព បានហ៊ុព័ទ្ធនិងឈូសឆាយដីព្រៃរួមទាំងច្រាំងទន្លេសេសានតាមអំពើចិត្តរបស់លោកដោយមិនមានការអនុញ្ញាត្តិពីអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធនោះទេ ។ ដូច្នេះគួរតែមានវិធានការតាមច្បាប់ជាបន្ទាន់ ដើម្បីជាការព្រមានដល់មន្ត្រីឯទៀត ៕ដោយ: យក្ខឡោម