ត្បងឃ្មុំ: ជនពិការវ័យចំណាស់ដែលជាជនអនាថាម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះជិះលើរទេះរុញ ត្រូវរថយន្តមិន
ស្គាល់ម៉ាកបុកហើយបើករត់គេចទៅបាត់ ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៨ មិនា ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោៈអ៊ែល ទិត ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្មែរឥស្លាម ដែលជាជនពិការ និងជាជនអនាថាផង ខណៈដែលជនរងគ្រោះជិះនៅលើរទេះរុញ ស្រាប់តែមានរថយន្តមិនស្គាល់ភិនភាគ១គ្រឿង បានបើកមកបុកជនរងគ្រោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅលើថ្នល់ ហើយរថយន្តបង្កហេតុបានបើករត់គេចទៅបាត់ភ្លាមៗតែម្ដង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរករថយន្តបង្កហេតុ ដើម្បីឲ្យចូលខ្លួនដោះស្រាយចំពោះមុខច្បាប់ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានបង្កើតគណៈកម្មការ ដើម្បីយកទៅបូជាតាមប្រពៃណី ៕