សៀមរាប៖ កន្លែងសិល្បៈមួយឈ្មោះ1961 ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លោក ចន ខេម៉េលវីន(John K Melvin)។ លោកមានប្រសាសន៍កាលព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០១៧ ថា លោកបានមកខេត្តសៀមរាប តាមរយៈគំរោង របស់អង្គការ វើលម៉ូញូមិន
ហ្វាន់ (World Monument Fund)ដើម្បីអប់រំ ដល់ពលរដ្ឋខ្មែរ ជាច្រើនដែលកំពុងធ្វើការនៅប្រាសាទភ្នំបាខែង ឱ្យយល់ដឹងអំពីវិធីធ្វើយ៉ាងណា លុបបំបាត់ចោលការប្រើប្រាស់ជាតិប្លាស្ទិក។
លោក(John K Melvin) បានបន្តទៀតថា បច្ចុប្បន្ន លោកបានដើរមើលនៅតាមកន្លែង ជាច្រើនក្នុងខេត្តសៀមរាប ដូចជានៅតាមដងស្ទឹង ផ្សាររាត្រីនិងកន្លែងផលិតសំបកដប ធ្វើពីប្លាស្ទិកជាដើម គឺមានការបោះចោលសំណល់ប្លាស្ទិកទាំងនោះជាច្រើន។ រូបលោកមានកង្វល់យ៉ាងខ្លាំងទៅលើសំណល់ប្លាស្ទិកទាំងនោះ ថាវាអាចគំរាមកំហែងដល់បរិស្ថាននិងភាពស្អាតរបស់ទីក្រុងយ៉ាងខ្លាំង ហើយគិតថាត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីពញ្ញាក់អារម្មណ៍ សាធារណជន ឱ្យគិតឡើងវិញអំពីការបោះចោលសំណល់បា្លស្ទិកទាំងនោះ។ ទីបំផុតរូបលោកក៏បានរកឃើញវិធីកែច្នៃសំបកដបទឹកសុទ្ធប្លាស្ទិក ឱ្យទៅជាគ្រឿងលំអភ្លើងអគ្គីសនី នៅពេលយប់។លោក(John K Melvin) ដដែលឱ្យដឹងថានៅពេលខាងមុខលោកមានគំរោងនឹងយករបស់ដែលលោកកែច្នៃពីសំបកដបទឹកសុទ្ធនេះ ទៅផ្សព្វផ្សាយ ព្រមទាំងធ្វើសិក្ខាសាលា ដល់ហាងធ្វើគំនូរទាំងឡាយ ព្រមទាំងអ្នកទេសចរណ៍និងសាធារណជនឱ្យយល់ដឹងពីរបៀបកែច្នៃសំរាម គិតទៅដល់បរិស្ថានស្អាតសម្រាប់ពិភពលោកទាំងមូល។
យុវជនម្នាក់ធ្វើការផ្នែកជាងភ្លើង នៅក្នុងកន្លែងសិល្បៈ បានឲ្យដឹងថា ពេលខ្លះ ឃើញបុរសជនជាតិអាមេរិកាំង រូបនោះ ដើរើសសំបកដបតាមផ្លូវ មកកែច្នៃប្រឌិត ឱ្យក្លាយជាគ្រឿងលំអភ្លើងអគ្គីសនី យុវជនដដែលបន្តថា ពេលឃើញបែបនេះ គឺទទួលស្គាល់ ទេពកោសល្យនៃសិល្បៈមួយបែបថ្មី ហើយខ្ញុំមានគម្រោងនៅពេលចូលឆ្នាំខ្មែរ ខាងមុខហ្នឹងកែច្នៃទៅជាផ្កានិងវត្ថុផ្សេងៗសំរាប់ទទួលទេវតាឆ្នាំថ្មី។
លោក នួន មុន្នី ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប ក៏ទទួលស្គាល់គំនិតច្នៃប្រឌិតសំណល់ប្លាស្ទិកនោះថា គឺការចូលរួមដោះស្រាយកង្វល់ ជុំវិញកាកសំណល់ប្លាស្ទិក ដែលកំពុងតែគំរាមកំហែងដល់ធម្មជាតិនិងបរិស្ថាន។
លោកបានបញ្ជាក់ថា ក្រុមជំនាញរបស់លោក ជាមួយនឹងអង្គការ ជាដៃគូ ក៏កំពុងព្រួយបារម្ភ អំពីការបោះចោល សំណល់ប្លាស្ទិកនេះដែរ ព្រមទាំងមានគំរោងមួយ ត្រៀមនឹងទៅបើកការ បណ្ដុះបណ្ដាលសិស្សនៅលើខ្នងភ្នំគូលែនជាច្រើន ឱ្យចេះកែច្នៃសំណល់ ដបធ្វើពីប្លាស្ទិកនិងកែវជាដើម ទៅជាវត្ថុប្រើប្រាស់ឡើងវិញ កុំឱ្យបោះចោល។
លោកភួង លីណា អតីត ប្រធានមន្តីរបរិស្ថានខេត្តសៀមរាប ក៍ធ្លាប់បញ្ជាក់ដែរថា គ្រាន់តែនៅក្រុងសៀមរាប សំរាមបានកើនឡើងប្រហែល៣៥០តោន ក្នុង១ថ្ងៃៗ។ក្នុងចំណោមសំរាមទាំងនោះ គឺមានប្រភេទប្លាស្ទិក ប្រមាណជាង២០%។
ឯកឧត្តម លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ធ្លាប់បង្ហាញការព្រួយបារម្ភដែរថា រដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការប៉ះពាល់ជាច្រើន ដែលបណ្ដាលមកពីសំណល់ប្លាស្ទិកនេះ។ លោកបញ្ជាក់ថារដ្ឋាភិបាលបានសំរេចផ្ដល់មូលនិធិ ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំៗ សម្រាប់ឆ្នាំ២០១៦និងឆ្នាំ២០១៧ មកឱ្យអាជ្ញាធរខេត្តសៀមរាប ដើម្បីធ្វើការងារ ការប៉ះពាល់ដោយសារកាកសំណល់ប្លាស្ទិកនេះ៕