ព្រះវិហារ៖ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងមានជីវភាពកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត បើសិនជា ស្ករអំពៅនៅខេត្តព្រះវិហារ ក្លាយជាខេត្តឧស្សាហកម្មស្ករអំពៅ
កម្រិតអន្តរជាតិ ព្រោះថាផ្ទៃដីនៅទួទាំង ខេត្តព្រះវិហារសម្រាប់ធ្វើឧស្សាហកម្ម និងកសិកម្មមានចំនួន (២០ ម៉ឺនហិចតា) នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តព្រះវិហារ ក្នុងពិធីសម្ភោធកាត់ ខ្សែបូរដាក់អោយប្រើប្រាស់ អគារសម្រាកព្យាបាលជំងឺ មណ្ឌលសុខភាពស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០១៧ ។ ដោយមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូពេទ្យ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងមន្ទីពាក់ព័ន្ធជុំវិញស្រុក សរុប ៥១៥នាក់ ។ ឯកឧត្តម បន្តថា បច្ចុប្បន្នខេត្តព្រះវិហារបាននិងកំពុងរៀបចំគម្រោងធំជាច្រើន ពិសេសគម្រោងកែប្រែដំណាំឧស្សាហកម្ម កសិកម្មស្ករអំពៅសាកល្បង ទៅជាដំណាំឧស្សាហកម្មកម្រិត អន្តរជាតិ ហើយបើសិនគម្រោងនេះបានសម្រេច ប្រជាជននៅទូទាំង ខេត្តព្រះវិហារលែងខ្វះការងារធ្វើទៀត ហើយ ដោយមិនចាំបាច់ធ្វើការចំណាកស្រុក ទៅធ្វើការនៅប្រទេសជិតខាង ព្រោះថាប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ក៏អាចដាំដំណាំអំពៅ នៅលើដីដែលពួកគាត់មានផងដែរ ។ ដូច្នេះក្នុងនាមប្អូនៗ ជាទំពាំងស្នងឬស្សី ត្រូវខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងជំនាញកសិកម្ម ព្រោះថាជំនាញ កសិកម្ម ក៏បានដាក់បញ្ចូលទៅក្នុងមេរៀន ដែលប្អូនៗ កំពុងសិក្សានោះផងដែរ ។ ឯកឧត្តម ក៏បានអំពាវនាវ ធ្វើយ៉ាងណាអោយប្អូនៗ ជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀន វាធ្វើអោយប្អូនៗ ខូច អនាគត បាត់បង់សេចក្តីថ្លៃថ្នូរ ក្លាយជាមនុស្សដែលសង្គមកំពុងស្អប់ខ្ពើម ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍បញ្ជាក់ដោយលោក ជា គឹមសេង អភិបាល នៃគណៈអភិបាលស្រុក ជាំក្សាន្ត បញ្ជាក់ថា អគារសម្រាកព្យាបាលជំងឺ ដែលសម្ភោធដាក់អោយប្រើប្រាស់ធ្វើអំពីបេតុង តំបូល ប្រក់ក្បឿង មានប្រវែង បណ្តោយ ១៨,៥០ ម៉ែត្រ ទទឹង ៧,៥០ ម៉ែត្រ ដែលអ្នកជំងឺ អាចសម្រាកព្យាលជំងឺ បាន ១៦ នាក់ ដោយចំណាយ ថវិការអស់ចំនួន ១២០,០០០,០០០ រៀល បានមកពីសប្បុរសជន តាមរយៈការផ្តួចផ្តើមពី ឯកឧត្តម សួស យ៉ារ៉ា និង លោកជំទាវ ឯកឧត្តម អភិបាលខេត្ត និង លោកជំទាវ ឯកឧត្តម ស្រី ឌឹក និង លោកជំទាវ រួមទាំងក្រុមការងារ មន្ត្រីរាជកា អាជ្ញាធរ ពាក់ព័ន្ធជុំវិញស្រុក និងសប្បុរសជននានា ទូទាំងខេត្តព្រះវិហារ ។ លោកបញ្ជាក់ទៀតថា បច្ចុប្បន្នស្រុកជាំក្សាន្តមានមន្ទីពេទ្យ ០១កន្លែង មណ្ឌលសុខភាព ១២ មណ្ឌល និងប៉ុស្តិសុខភាពចំនួន ០៣ អគារសម្រាកពញយាបាលជំងឺ ចំនួន ០២ បានសាងសង់តាំងពីឆ្នាំ១៩៦៧ មាន ០៩ បន្ទប់ ក្នុងនោះ ០២ បន្ទប់ ជាអំណោយរបស់ក្រសួង សុខាភិបាល ។ ក្នុងនោះ ឯកឧត្តម និង លោកជំទាវ ប្រគេនដល់ព្រះសង្ឃ ០៥ អង្គ ក្នុង ០១ អង្គ ស្លាដក ០១ ថវិការ ៣០,០០០ រៀល យាយជី តាជី ២០ នាក់ ម្នាក់ៗក្រណាត់ស ០១ដុំ ថវិការ ១០,០០០ រៀល លោកគ្រូ អ្នកគ្រូពេទ្យ ២៤ នាក់ ម្នាក់ថវិការ ២០,០០០រៀល អ្នកជំងឺ ៣៦នាក់ ថវិការ ២០,០០០រៀល យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សហម្ព័ន្ធយុវជនស្រុក ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ម្នាក់ៗ ថវិការ ១០,០០០រៀល និងឧបត្ថម្ភដល់មណ្ឌលសុខភាពស្រុកជាំក្សាន្ត ថវិការចំនួន ១,០០០,០០០រៀលផងដែរ ៕សួនលីណា