ស្លាប់យ៉ាងរន្ធត់ដោយសារជិះម៉ូតូបុកកន្ទុយរថយន្តកំពុងចតស្ងៀម

0

កែប៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូខ្វះការប្រុងប្រយត្ន ក៏ទៅបុកកន្ទុយរថយន្តខ្នាតធំមួយគ្រឿងដែលកំពុងចតស្ងៀមនៅលើកំណាត់ផ្លូវលេខ៣៣។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីយប់ ថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៧វេលាម៉ោង២២និង៤៥នាទី ត្រង់ចំណុចភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបគ្រោះថ្នាក់ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនបង្គួរលុះមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូជ្រុលទៅបុកកន្ទុយរថយន្តធុនធំមួយគ្រឿងដែតចតស្ងៀមនៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹងលាន់ឮដូចរន្ទះបាញ់ខែចេត្រ ទើបអ្នកនៅក្បែរនោះនាំគ្នារត់ទៅមើលបំណងជួយសង្រ្គោះ ប៉ុន្តែខណៈនោះបុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នគរបាលបាននិយាយថា បុរសរងគ្រោះដែលស្លាប់មានឈ្មោះ ខេង តុង ភេទប្រុស អាយុ៥៥ឆ្នាំជានិវត្តន៍ជន(អតីតយុទ្ធជន)មានទីលំនៅក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ជនរងគ្រោះជិះម៉ូតូម៉ាកC125ពណ៌ខ្មៅផលិតឆ្នាំ2015ពាក់ស្លាកលេខ ព្រះសីហនុ 1D-8173 ។ដោយឡែករថយន្តបង្កហេតុដែលឈប់ចតស្ងៀមជារថយន្តខ្នាតធំម៉ាកហីុយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8446អ្នកបើកបរអត់ស្គាល់អត្តសញ្ញាណ ព្រោះបានគេចខ្លួនក្រោយពីកើតហេតុភ្លាមៗ។
បច្ចុប្បន្នជនរងគ្រោះដល់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រូវបានសមត្ថកិច្ចជូនដំណឹងដល់ក្រុមគ្រួសារដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។រីឯមធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿងសមត្ថកិច្ចបាននាំយកទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរសំរាប់ដោះស្រាយគ្នាជាក្រោយ ៕