ទីតាំងរក្សាទុកប្រេងឥន្ធនៈ២ម៉ឺនលីត្រដោយខុសច្បាប់កំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅឃុំប៊ូស្រាពីបញ្ហាគ្រោះអគ្គីភ័យ

0

ដោយ ពលៈ
មណ្ឌលគិរី៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បាននឹងកុំពុងព្រួយបារម្ភ យ៉ាងខ្លាំងពីសុវត្ថិភាពសមាជិកក្រុម

គ្រួសាររបស់ខ្លួន ជាពិសេសកូនតូចៗ ចំពោះឧប្បវហេតុនៃគ្រោះអគ្គីភ័យ ខណៈមាន ផ្ទះមួយកន្លែងកំពុងផ្ទុកប្រេងដល់ទៅ២ម៉ឺនលីត្រនៅក្រោមដីជាច្រើនខែមកហើយ ព្រមទាំងមានផ្ទុកហ្គាសជាច្រើនធុង ដើម្បីធ្វើអាជីវកម្មចែកចាយ ដោយមិនមានរៀបចំប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវ ដែលងាយនឹងបង្កទៅជាគ្រោះអគ្គីភ័យ ធ្វើឲ្យ ពលរដ្ឋជាច្រើនគ្រួសាររស់នៅ ជុំវិញទីតាំងស្ដុបប្រេងខុសច្បាប់មួយនេះ រស់នៅក្នុងភាពព្រួយបារម្ភទាំងយប់-ទាំងថ្ងៃ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងស្ដុបប្រេងឥន្ធនៈខុសច្បាប់មួយនេះ គឺស្ថិតនៅទីប្រជុំជនដែលជាផ្សារ ក្នុងឃុំប៊ូស្រាតែម្ដង ដែលមានផ្ទះឈើរបស់អាជីវករលក់ដូររាប់សិបខ្នងសាង់សង់ជាប់ៗគ្នានៅ នៅជុំវិញទីតាំងស្ដុបប្រេង ខាងលើនេះ ដូច្នេះប្រសិនបើមានអគ្គីភ័យកើតឡើងដោយប្រការណាមួយ នឹងងាយឆាបឆេះរីករាលដាលយ៉ាងឆាប់រហ័ស ហើយក៏មិនមានឡានពន្លត់អគ្គីភ័យមកអន្តរាគមន៍ទាន់ពេលវេលាដែរ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀត កាលពីពេលថ្មីៗនេះ គឺធ្លាប់មានមន្ត្រីជំនាញនៃមន្ទីររ៉ែនិងថាមខេត្តមណ្ឌលគិរី ចុះ អប់រំណែនាំដល់ម្ចាស់ទីតាំងស្ដុបប្រេងឥន្ធនៈមួយនេះម្ដងរួចមកហើយ ដោយសារតែម្ចាស់ទីតាំងនេះបានសាងសង់កន្លែង រក្សាទុកប្រេង និងចែកចាយប្រេងដោយខុសច្បាប់ ពុំមានច្បាប់អនុញ្ញាតអាជីវកម្មពីអាជ្ញាធរដែនដី និង មន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរីនោះទេ ប៉ុន្តែម្ចាស់ទីតាំងខាងលើនេះនៅតែបន្តអាជីវកម្មរបស់ខ្លួន ដោយមិនក្រែងនិងការហាមឃាត់របស់ មន្ត្រីជំនាញនោះឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងរក្សាទុកប្រេង និងលក់ប្រេងឥន្ធនៈខាងលើនេះ បានសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញ ជាពិសេសឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី សូមមេត្តាចាត់ការវិធានការលើទីតាំងស្ដុបប្រេង និងចែកចាយ ប្រេងឥន្ធនៈខុសច្បាប់មួយនេះ ព្រោះពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ។
ពាក់ព័ន្ធនិងករណីនេះ លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានថ្លែងថា មន្ត្រីនៃមន្ទីររ៉ែ និងថាមពល បានចុះអប់រំណែនាំដល់ម្ចាស់ទីតាំងស្ដុបប្រេងឥន្ធនៈដោយខុសច្បាប់នេះរួចហើយ ដូច្នេះករណីដែលម្ចាស់ ទីតាំងចែកចាយប្រេងមួយនេះមិនអនុវត្តតាម មន្ទីររ៉ែពុំមានដែនសមត្ថកិច្ចបិទអាជីវកម្មបាននោះទេ ព្រោះទីតាំងនេះមិន ទាន់បានសាងសង់ជាស្ថានីយប្រេងឥន្ធនៈ ប៉ុន្តែអាជ្ញាធរស្រុកពេជ្រាដា គឺអាចបិទអាជីវកម្មនេះបាន ព្រោះការលក់ប្រេង និងរក្សាទុកប្រេង ដោយខុសច្បាប់នេះ គឺស្ថិតក្នុងមូលដ្ឋានស្រុកពេជ្រាដា ។
ជាមួយគ្នានេះដែរ លោក នួន សារ៉ន អភិបាលស្រុកពេជ្រាដាបានឲ្យដឹងថា ករណីនេះមន្ទីររ៉ែនិងថាមពលខេត្ត មណ្ឌលគិរី ដែលជាមន្ទីរជំនាញ គឺចាំបាច់ត្រូវសហការជាមួយអាជ្ញាធរស្រុកពេជ្រាដា ទប់ស្កាត់ចំពោះទីតាំងរក្សាទុកប្រេង និងចែកចាយប្រេងខាងលើនេះ ហើយអជ្ញាធរស្រុកពេ្រជាដា និងមានវិធានការទប់ស្កាត់ចំពោះករណីនេះ ។
ទាក់ទិននិងបញ្ហានេះដែរ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងថា ឯកឧត្ដមនិងបញ្ជាទៅ មន្ទីររ៉ែនិងថាមពល និងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា ដើម្បីចាត់វិធានការលើទីតាំងស្ដុបប្រេងមួយនេះ ៕