(ព្រះវិហារ)៖ ពលរដ្ឋខ្មែរតែងតែឆ្លងជ្រៀតចូលកាប់ឈើគ្រូញូងក្នុងទឹកដីថៃ បានកើតឡើងជាបន្តបន្ទាប់ ហើយពួកគេត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ឬបាញ់សម្លាប់ជាហូរហែ ចំណែកឯខ្លះទៀត បានជាន់មីនផ្ទុះដាច់ជើងជាច្រើននាក់ផងដែរ
ប៉ុន្តែនៅតែមានអ្នកលួចឆ្លងដែនទៅកាប់ឈើគ្រញូងរបស់ថៃដដែល ដោយសារមានអ្នកញុះញង់នៅក្រោយខ្នង ដែលសន្យាថា នឹងទិញឈើពីពួកគេក្នុងតម្លៃខ្ពស់។ប្រជាពលរដ្ឋបានបង្ហាញឲ្យដឹងថា មានមូលហេតុមួួយដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន រស់នៅតាមតំបន់ព្រំដែនក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងលើទឹកដីថៃ គឺដើម្បីយកមកលក់ឲ្យឈ្មួញឈើគ្រញូង ដែលឈរចាំទិញនៅតាមតំបន់ព្រំដែន។ជារឿយៗនៅពេលវេលាយប់ ក្នុងចន្លោះម៉ោង២-៣ទៀបភ្លឺ ពលរដ្ឋខ្មែរទាំងក្រុមៗ មានគ្នាពី១៥ ទៅ៣០នាក់ តែងតែនាំគ្នាឆ្លងដែនតាមមេខ្យល់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដូចដែលបណ្ដាញព័ត៌មានក្នុងប្រទេសថៃ និងបណ្ដាញព័ត៌មានក្នុងប្រទេសកម្ពុជា បានចុះផ្សាយជារឿយៗ។ក្រោយពីទទួលដំណឹងភ្លាម ក្រុមអ្នកព័ត៌មានជាច្រើនអង្គភាពបានចុះទៅសង្កេតការណ៍ និងបានរកឃើញថា ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រច្រកអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាំគ្នាឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដីថៃ គឺដោយមានការជំរុញពីឈ្មួញធំៗ ដែលរងចាំទិញនៅតាមតំបន់ព្រំដែន។ជាងនេះទៅទៀត ប្រភពខ្លះបានឲ្យដឹងថា ក្នុងពលរដ្ឋខ្មែរម្នាក់ ដើម្បីជាថ្នូរនឹងបានឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដដីថៃ គឺត្រូវបង់លុយចំនួន៣០០០០រៀល ឲ្យលោក ប៉ូច សុខជា ដឺបេអគ្គបញ្ជាការកងទ័ពជើងគោក និងបង់៣០០០០រៀល ឲ្យលោក រាម ខេត មេ វរះលេខ៤០៥ឈរជើងនៅតំបន់នោះ ព្រមទាំងបង់៣០០០០រៀលឲ្យលោក ប៉ុក សុផល ផ្កាយ១នៅភូមិភាគ។ ចំណែកឯខាងថៃត្រូវបង់ក្នុងម្នាក់១០០០បាត បន្ថែមទៀត។ប្រជាពលរដ្ឋ និងពលកររងគ្រោះជាច្រើននាក់ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត បានរិះគន់លោក ប៉ូច សុខជា មានតួនាទីជាដឺបេអគ្គបញ្ជាការ កងទ័ពជើងគោក និងលោក រាម ខេត មេបញ្ជាការវរះការពារព្រំដែនលេខ៤០៥ ដែលឈរជើងការពារនៅតំបន់នោះថា ជាមេខ្លោងក្នុងការបញ្ជូនពលរដ្ឋខ្មែរ ឲ្យទៅកាប់ឈើគ្រញូងពីក្នុងទឹកដីថៃ ដើម្បីយកមកលក់ឲ្យបក្ខពួករបស់ខ្លួន មានដូចជាឈ្មោះ តុល និងឈ្មោះ ថា ដែលជាមេឈ្មួញប្រចាំតំបន់នេះ និងល្បីខាងធ្វើបាបពលករដែលបានផ្សងនឹងគ្រោះថ្នាក់ចូលទៅកាប់លើគ្រូញូងក្នុងទឹកដីថៃ។ប៉ុន្តែពេលយកមកដល់ក្នុងទឹកដីកម្ពុជា ឬច្រកអានសេះភ្លាម ត្រូវបានគេកៀបសង្កត់ប្លន់យកគ្រញូងទទេៗ ធ្វើឲ្យពលករទាំងនោះស្រែកទ្រហោយំ ដោយសារឆ្អែតចិត្តនឹងទង្វើដ៏អាក្រក់របស់បក្ខពួកទាំងនេះ។ ពួកគាត់បានបន្តថា ប្រសិនបើនរណាម្នាក់មិនលក់គ្រញូងឲ្យក្រុមនេះទេ នៅពេលស្ពាយឈើគ្រញូងពីទឹកដីថៃ ចូលមកទឹកដីកម្ពុជាវិញ សមត្ថកិច្ចការពារព្រំដែន នឹងបង្ក្រាប ហើយរឹបអូសយកឈើគ្រញូងរបស់ពួកគេយ៉ាងស្រួលៗ។លើសពីនេះទៅទៀត សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរក្នុងខេត្តព្រះវិហារ មិនដែលបង្រ្គាបមេខ្លោងជួញដូរឈើគ្រញូង ដែលអ្នកខ្លះជាមន្ត្រីប្រដាប់អាវុធ នៅក្នុងខេត្តនោះឡើយ។ពលរដ្ឋខ្មែរផ្សងគ្រោះថ្នាក់ ឆ្លងដែនចូលទៅកាប់ឈើគ្រញូង នៅក្នុងខេត្ដឧប៊ុន ប្រទេសថៃ គឺដោយសារតែមានឈ្មួញធំៗ ឈេចាំទិញពីពួកគេនៅតាមតំបន់ព្រំដែន ដែលមានលោក ប៉ូច សុខជា ដឺបេ និងលោក រាម ខេត មេវិរះការពារព្រំដែនលេខ៤០៥ ជាមេខ្លោងនៅពីក្រោយខ្នងផងដែរ។ទាក់ទងនឹងការចោទប្រកាន់ខាងលើននេះ អ្នកយកព័ត៌មាន បានសុំការបំភ្លឺពីលោក ប៉ូច សុខជា ដែលលោកបដិសេដថា លោកពុំមានជាប់ពាក់ព័ន្ធនឹងការរកស៊ីឈើគ្រញូងនេះទេ៕







































