កំពង់ធំៈ ស្រី្តជើងខ្លាំងម្នាក់ ដែលត្រូវបានគេស្គាល់ជាទូទៅនៅស្រុកអន្លង់វែង ថាជាឈ្មួញឈើដុះស្លែរ ប៉ៅផ្តាច់ទឹកដីខេត្តឧត្តមានជ័យ បានបង្ករឲ្យប្រជាពលរដ្ឋជាច្រើនរូបរងគ្រោះ ដោយសារតែការស៊ីឈ្នួល ចូលទៅអាឈើនៅក្នុងទឹកដីថៃ ដែលជាទង្វើខុសច្បាប់ ដើម្បីតែផលប្រយោជន៍របស់ខ្លួនតែពុំបានគិតពី អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ចែ ម៉ាយ ត្រូវបានបញ្ជាក់អត្តសញ្ញាណ ជាជនជាតិវៀតណាម មានមុខរបររកស៊ីដឹកឈើគ្រញូង នៅស្រុកអន្លង់វែងជាច្រើនឆ្នាំមកហើយ តែការដឹកជញ្ជូនឈើដោយខុសច្បាប់ដែលអាចប្រព្រឹត្តទៅបាននេះ ក៏ដោយសារមានការពាក់ព័ន្ឋនឹងមន្រ្តីតាំងពីថ្នាក់តូច ដល់ថ្នាក់ធំ ជាពិសេសផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង និងលោក ជួន ជាអ្នករៀបចំបើកលុយឲ្យសមត្ថកិច្ចនិងស្ថាប័ន ផ្សេងៗ និយាយរួមគ្រប់ស្ថាប័ន រហូតមានដល់លោកពាក់ផ្កាយក៏មាន ការពាក់ព័ន្ឋផងដែរ ទើបធ្វើឲ្យ ចែ ម៉ាយ មានអំណាចក្នុងដៃ ហ៊ានបង្ករបទល្មើសជាចំហរ មិនតែប៉ុណ្ណោះ មានការរៀបជាអន្ទាក់ចោទប្រកាន់អ្នកសារព័ត៌មាន និងសមត្ថកិច្ចជាដើមឲ្យតែហ៊ានរំខានដល់មុខរបររបស់គាត់ ។
តែទីបំផុតសំណាងមិនអាចមានជារៀងរហូតនោះទេ ដល់ថ្ងៃស៊យ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ធំ ឃាត់ខ្លួន ចែម៉ាយ រួមទាំងតៃកុងឡានម្នាក់ ក្នុងភោជនីយដ្ឋានពន្លឺផ្កាយមាសនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយបានបញ្ជូនមកកាន់តុលាការ ក្នុងនោះសមត្ថកិច្ចបានរកឃើញថា រថយន្តម៉ាកលុចស៊ីស470.ពណ៍ខ្មៅ ដែលជនសង្ស័យប្រើប្រាស់ បានពាក់ស្លាកលេខក្លែងក្លាយ ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ឃ្វៀង ធីម៉ាយ ភេទស្រីអាយុ៣៩ឆ្នាំជនជាតិវៀតណាម នៅភូមិត្រពាំងព្រៃ នៅឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី២ឈ្មោះ ម៉ុនធី ភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិគោកដូង ឃុំទឹកវិល សៀមរាប ខេត្តសៀមរាប អ្នកទាំង២នាក់ គឺជាដៃគូររកស៊ីប្រព្រឹត្តបទល្មើស ព្រៃឈើខុសច្បាប់ ត្រូវបានឃាត់ខ្លួនតាមដិការសាលាដំបូងខេត្តកំពង់ធំ ។
មហាជនទូទៅ បានកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការ អនុវត្តច្បាប់របស់លោក អ៊ិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលបានសម្រេចជោគជ័យជាច្រើនករណី ក្នុងបទល្មើសគ្រឿងញៀន បទល្មើសចោរលួចចោរប្លន់ និងបទល្មើសផ្សេងៗ ជាពិសេសគឺបទល្មើសព្រៃឈើ ដែលបានដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតិ ឆ្លងកាត់ខេត្តកំពង់ធំ បានដឹកនាំកម្លាំងបញ្ជាផ្ទាល់បង្រ្កាប បានជាច្រើនករណី ថែមទាំងបានធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់ និងមានទំនុកចិត្តគាំទ្រនូវវិធានការ របស់តុលាការខេត្តកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា