សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានភាជបូរាណចំនួន៣ទៀត ពីបងប្អូនប្រជាពលរដ្ឋ

0

សៀមរាប៖ បើគិតមកដល់់ខែកញ្ញានេះ សារមន្ទីរនៅក្រុងសៀមរាបមួយនេះ ទទួលបានវត្ថុសិល្បៈបានចំនួន១១ហើយ ដើម្បីថែរក្សា អភិរក្ស និងដាក់

តាំងជូនភ្ញៀវជាតិ អន្តរជាតិ ទស្សនាស្វែងយល់ !
កញ្ញា ឆោម គន្ធា អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឲ្យដឹងថា បើគិតចាប់ពីដើមឆ្នាំ២០១៧ មកដល់ខែកញ្ញានេះ មានវត្ថុសិល្បៈបុរាណចំនួន១១ហើយ ដូចជា ព្រះពុទ្ធបដិមា កុលាលភាជន៍ជាដើម ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តសៀមរាប យកមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ វត្ថុសិល្បៈទាំងអស់ ទទួលបានការព្យាបាល ជួសជុល អភិរក្ស និង ចុះបញ្ជីជីវប្រវត្តិសម្រាប់ផ្តល់ព័ត៌មានអប់រំ និង សម្រាប់តាំងពិព័រណ៌ជូនភ្ញៀវជាតិ អន្តរជាតិ ទស្សនាស្វែងយល់ផងដែរ ។
កញ្ញា ឆោម គន្ធា បាននិយាយរឿងនេះ ប្រាប់ BTV ឲ្យដឹង នៅរសៀលថ្ងៃសុក្រ ០៨ កញ្ញា ចុងសប្តាហ៍នេះ ក្នុងនោះអគ្គនាយិការូបនេះ បានឲ្យដឹងការទទួលភាជន៍ចំនួន៣ចុងក្រោយ កាលពីថ្ងៃទី១កញ្ញាកន្លងទៅ ។ កញ្ញា ឆោម គន្ធា ប្រាប់ឲ្យដឹងថា លោក នឹម ថន ជាមន្ត្រីចូលនិវត្តន៍ ដែលបច្ចុប្បន្នកំពុងធ្វើអាជីវកម្ម ជីកដី និង ដឹកដីលក់ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្កុំ ខេត្តសៀមរាប បានយកភាជន៍បុរាណចំនួន៣ មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីរក្សាទុក ។
លោក នឹម ថន បានឲ្យដឹងថា ភាជន៍ទាំង៣នោះ រកឃើញនៅលើទីតាំងផ្សេងៗគ្នា នៅពេលដែលលោកកាយដីដោយគ្រឿងចក្រ ។ ភាជន៍ទី១ ពណ៌ត្នោតដែលមានរាងប៉ោងទាប រកឃើញនៅភូមិគោកស្រម៉រ ឃុំល្វា ស្រុកពួក កាលពីខែប្រាំង ឆ្នាំ២០១៦ នៅពេលដែលត្រាក់ទ័រឈូសពង្រាបដី ។ ភាជន៍ទី២ ដែលមានពោះប៉ោង-ស្តួចមាត់លើ រកឃើញនៅភូមិគោកថ្មី ឃុំមុខប៉ែន ស្រុកពួក នៅលើទួលក្រោយផ្ទះអ្នកស្រុក ។ និងភាជន៍មួយទៀត រាងស្រដៀងថូផ្កា មានត្រចៀកលម្អជុំវិញនោះ រកឃើញនៅភូមិតាត្រាវ ឃុំមុខប៉ែន ស្រុកពួក កំឡុងខែមេសា ឆ្នាំ២០១៧ ។
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ដែលមានជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់អំពីអត្តសញ្ញាណនៃវត្ថុបុរាណទាំង៣នេះថា គឺជាភាជន៍ដែលធ្វើពីដីដុត ។ ក្នុងចំណោមភាជន៍ទាំង៣ មានភាជន៍ចំនួន២ ធ្វើឡើងនៅសម័យអង្គរ ។ ភាជន៍មានខ្លួនប៉ោង កស្តួច មានស្រទាប់រលោងពណ៌បៃតង ផលិតនៅសតវត្សរ៍ទី៩ ដល់ទី១០ ។ ភាជន៍មានខ្លួនខ្ពស់ រាងដូចថូផ្កា លម្អដោយត្រចៀកសងខាង មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅសតវត្សរ៍ទី១១ ដល់ទី១៣ ។ ចំណែកភាជន៍ដែលមានខ្លួនប៉ោង ទាប ពណ៌ត្នោតក្រម៉ៅ ជាភាជន៍ផលិតនៅប្រទេសចិន មានអាយុកាលផលិតនាដើមសតវត្សរ៍ ទី២០ ៕