តាកែវ ៖ ថ្លែងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយស្តីពីឧបាយកលសកម្មភាពបដិវត្តន៏ពណ៌នៅកម្ពុជា និងបូកសរុបសភាពការណ៏លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នូវក្នុងសង្គមប្រចាំថ្ងៃ និងបំពាក់ឋានន្តរសិក្តជូនដល់មន្ត្រីនគរបាលជាតិ នៅរសៀលថ្ងៃទី ២០ តុលា ២០១៧ នេះលោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានលើកឡើងពីផលប៉ះពាល់ជាច្រើនដែលប្រទេសជាតិរបស់យើងមានបដិវត្តន៏ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលនេះ ព្រោះថាប្រទេសកម្ពុជារបស់យើងធ្លាប់បានឆ្លងកាត់មកហើយនៅបដិវត្តន៏ពណ៌ដូចជា លន់ នល់ សិរី មតៈ ដែលបានរួមគំនិតគ្នា ផ្តួលរំលំសម្តេច នរោត្តមសីហនុ បាននាំមកនូវ វិនាសកម្ម ក្នុងរបបប៉ុល ពតបណ្តាល ឲ្យកើតមានសង្គ្រាមរ៉ាំរ៉ៃ ជាង ៤ ទសវត្សរ៍នៅកម្ពុជា ។
លោកស្នងការបាន លើកឡើងថា យើងដឹងហើយថា សង្គ្រាមនាំមកនូវ វិនាសហិនហោច ទ្រព្យសម្បត្តិប្រជាពលរដ្ឋជាពិសេសយើង ត្រូវមើលប្រទេស ស៊ីរីជាឧទាហរណ៍ជាក់ស្តែង ។ ក្រោយការផ្តួលរំលំសម្តេច សីហនុ ប្រទេសកម្ពុជា បានកើតសង្គ្រាម ចាប់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៩ ហើយត្រូវបានទទួលរងនូវ វិនាសកម្ម យ៉ាងខ្លោចផ្សាដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា យើង មានបទពិសោធន៍ ពេញលេញ ដែលមិនអាច ទទួលយកបាននូវការផ្តួលរំលំតាមរបៀបក្បត់ជាតិនេះទៀតទេ ។
លោកស្នងការក៏បានជំរុញដល់មន្ត្រីជំនាញផ្នែកគ្រឿងញៀន រួមជាមួយអធិការគ្រប់ស្រុកនិងក្រុងទាំងអស់ពិសេសលោកអធិការស្រុកគីរីវង់ ត្រូវធ្វើការបែងចែកកំលាំង អោយបានច្បាស់លាស់ទៅតាមមុខសញ្ញាធ្វើការសើបអង្កេត ចាប់អោយបាននៅអ្នកចែកចាយគ្រឿងញៀន ពិសេសបទល្មើសដែលប្រជាពលរដ្ឋនាំគ្នាដាំកញ្ឆា នៅស្រុកគីរីវង់ ។ មួយវិញទៀតបទល្មើសជួញដូរមនុស្សនាំទៅលក់នៅស្រុកចិន មន្ត្រីនគរបាលរបស់យើងជាពិសេសការិយាល័យជំនាញ ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចលើបញ្ហានេះ ត្រូវទប់ស្កាត់អោយបាន កុំកើតមានបន្តអោយសោះ ។ ក្នុងករណីនេះគឺប្រភពរបស់វា គឺមានមេខ្យល់ ដូច្នេះដើម្បីទុបស្កាត់បានមន្ត្រីជំនាញត្រូវពិនិត្យអោយមែនទែនជាមួយនិងជនអន្តោប្រវេស ពីសេសមនុស្សដែលធ្លាប់មានប្តីចិន ហើយត្រឡប់ចូលស្រុកវិញ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីខាងលើនេះលោកឧត្តមសេនីយ៏ទោ សុខ សំណាង បានធ្វើការបំពាក់ឋានន្តរសិក្តជូនមន្ត្រីនគរបាលជាតិថ្នាក់អនុសេនីយ៏ ចំនួន ១២រូប ប្រកាសនិងផ្ទេរភារកិច្ចដល់មេប៉ុស្តិ៏ថ្មីចំនួន ៤នាក់ផងដែរ ។ តាកែវ