ខេត្តព្រះសីហនុ៖កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុរួមទាំងមន្ទីរទេសចរណ៏បានរៀបចំកិច្ចប្រជុំការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំសាលាខេត្តព្រះសីហនុ លោក-លោកស្រីជាកងកំលាំងប្រដាប់អាវុធ និងអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុដែលមានអក្នចូលរួមសរុបចំនួន២០០ នាក់ ស្រ្តី៥៤ នាក់។
ឯកឧត្តម ថោង ខុន បានសង្កត់ធ្ងន់បញ្ហាទីក្រុងស្អាត ធ្វើយ៉ាងណាអោយទីក្រុង និងឆ្នេរមានបរិស្ថាន អានាមយ័ស្អាត សណ្តាប់ធ្នាប់ល្អ ការការពារធនធានឆ្នេរសមុទ្រអោយបានល្អការពង្រឹងគុណភាពសេវាកម្មទេសចរណ៏ ប្រកបដោយវិជ្ជាជីវៈ ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវឲ្យអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុចូលរួមឲ្យបានច្រើនក្នុងការលក់សេវាកម្មទេសចរណ៍របស់ខ្លួនក្នុងកម្មវិធីពិរពរណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី១ (Cambodia Travel Mart-CTM) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្ត សៀមរាប ពិសេសអាជីវកម្មក្នុងខេត្តព្រះសីហនុនេះត្រូវត្រៀមខ្លួនឲ្យរួចរាល់ក្នុងការទទួលភ្ញៀវទេសចរណ៍ចិន។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនគួរជាទីកត់សំគាល់ជាពិសេសភ្ញៀវចិនតែម្តង។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹកនាំរបស់ឯឧត្តម យន្ត មីន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាដើម្បីធ្វើអោយខេត្តទេសចរណ៍នាភាគនិរតីមួយនេះកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរថែមទៀតនាពេលខាងមុខនេះ។
គួររំលឹកផងដែរថាឯឧ យន្ត មីន តែងរំលឹកថា អ្វីៗទាំងអស់មិនអាចទទួលជោគជ័យបានទេបើសិនជាគ្មានការចូលរួម។ដូច្នេះសូមអោយគ្រប់អ្នកជាប់ពាក់ពន្ធ័ទាំងអស់ត្រូវរួមគិតរួមធ្វើរួមគ្នាទទួលខុសត្រូវដើម្បីធ្វើអោយខេត្តព្រះសីហនុកាន់តែមានភាពរីកចំរើនសំបូរសប្បាយថែមទៀត។
ទន្ទឹមនឹងមានការរីកចំរើននាពេលនេះផងដែរក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯឧ យន្ត មីន ក៍ស្នើអោយក្រុមហ៊ុនប្រមូលសំរាមថ្មីKSWMដែលមានភាពយឺតយ៉ាវក្នុងការប្រមូលសំរាមនៅក្រុងព្រះសីហនុរាល់ថ្ងៃនេះត្រូវធ្វើការមូលអោយបានលឿនមិនត្រូវទុកសំរាមចោលយូរពេកនាំអោយពលរដ្ឋមិនសប្បាយចិត្តនិងប៉ះពាល់ដល់បរិស្ថាន៕