បើកយុទ្ធនាការអប់រំពីសុវត្តិភាពច្បាប់ចរាចរណ៍និងផ្សព្វផ្សាយពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព

0

(តាកែវ) ៖ គណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវដឹកនាំដោយ លោក អ៊ួច ភា អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះបើកយុទ្ធនាពាក់មួកសុវត្ថិភាព និងសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពដល់អ្នកធ្វើដំណើរ នៅចំណុចរង្វង់មូលព្រះនរាយណ៍អូរចំបក់ នាព្រឹកថ្ងៃទី ៣០ តុលា ២០១៧។
នៅក្នុងយុទ្ធនាការនេះប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវ  លោក ណុប នី បានថ្លែងឲ្យដឹងថា គណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំដោយលោកអភិបាលខេត្ត បានបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ហើយក្នុងនោះដែរ យើងក៍បានត្រៀមចែកមួកសុវត្តិភាពចំនួន៥០០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមួយច្បាប់ និងខិតប័ណ្ណអប់រំច្បាប់ចរាចរណ៍ផ្សេងៗជាច្រើនទៀតសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋយើង ដែលពួកគាត់បានបើកបរនៅក្នុងក្រុងដូនកែវ ក៍ដូចជាចំណុចផ្សេងទៀត។
លោក អ៊ួច ភា អភិបាលរងខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងការបើកយុទ្ធនាការទ្រង់ទ្រាយធំ នៅខេត្តតាកែវ ក៍ដូចជាទូទាំងប្រទេស គឺធ្វើឡើងក្នុងគោលបំណង ដើម្បីអប់រំដល់ប្រជាពលរដ្ឋត្រូវចេះគោរពច្បាប់ចរាចរណ៍ ពិសេសប្រជាពលរដ្ឋណាដែលជិះម៉ូតូមិនពាក់មួកសុវត្តិភាព  នឹងត្រូវមន្រ្តីនគរបាលចរាចរណ៍នៅក្នុងក្រុមចម្រុះយើងធ្វើការផាកពិន័យជាទឹកប្រាក់១៥,០០០រៀល នៅនឹងកន្លែង ហើយអ្វីដែលតម្រូវឲ្យពួកគាត់ធ្វើបន្តនោះគឺការឆ្លើយសំនួរអំពីអត្ថប្រយោជន៍ នៃការពាក់មួកសុវត្តិភាពដើម្បីអ្វី ការពារអាយុជីវិតអ្នកណាខ្លះ  និងមានសំនួរជាច្រើនទៀតផងដែរ ហើយរាល់ការឆ្លើយសំនួរនេះ បើអ្នកណាឆ្លើយបានត្រឹមត្រូវ គណៈកម្មការចម្រុះនឹងប្រគល់មួកសុវត្តិភាព១ សម្រាប់ពាក់ជិះម៉ូតូដើម្បីការពារសុវត្តិភាពខ្លួននឹងក្រុមគ្រួសាររបស់អ្នក។
អភិបាលរងខេត្តរូបនេះ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃការពាក់ សុវត្ថិភាពថា មួកសុវត្ថិភាពនេះមិនមែនសម្រាប់អ្នកដ៏ទៃទេគឺពាក់ដើម្បីការពារសុវត្តភាពខ្លួនយើង អាយុជីវិតយើងនិងក្រុមគ្រួសារ មិនមែនការពារមន្រ្តីនគរបាលចរាចរណ៍ទូទៅនោះទេ គឺជួយការពារអាយុជីវិតរបស់បងប្អូនទេផ្ទាល់ ពោលគឺមួកសុវត្ថិភាពមួយការពារអាយុជីវិតមួយ ដូច្នេះដើម្បីចូលរួមកាត់បន្ថយនិងអត្រាស្លាប់នៃគ្រោះថ្នាក់ចរាចរណ៍ យើងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង លើសល្បឿនកំណត់ ជាពិសេសគឺត្រូវតែពាក់មួកសុវត្ថិភាពជានិច្ច រាល់ពេលបើកបរ ទៅទីជិត ឬឆ្ងាយ ៕