តាកែវ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការលេខ ០៥៩ ផ.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ១៤ វិច្ឆិការ ២០១៧នេះ លោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានប្រាប់អោយមន្ត្រីនគរបាលក្រោមឳវាទត្រូវត្រៀមលក្ខណៈ និងត្រៀមកំលាំងក្លំមើលពីសកម្មភាពរបស់សកម្មជនរបស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន ត្រូវការពារអោយបាននៅសកម្មភាពគៀងគរប្រជាពលរដ្ឋដែលអាចនិងកើតមានជាការប្រមូលផ្តុំនូវក្រុមសកម្មជនទាំងនោះលើកគ្នាមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញ ក្នុងពេលដែលតុលាការកំពូលបានធ្វើការកាត់ក្តី រំលាយគណបក្សសង្គ្រោះជាតិចោល នាពេលខាងមុខនេះ ។
ក្នុងនោះលោកស្នងការបាន ជំរុញអោយមន្ត្រីនគរបាលត្រូវធ្វើការប្រមូលផ្តុំកំលាំងរបស់ខ្លួនហើយត្រៀមជានិច្ច ជាពិសេសមន្ត្រីនគរបាលដែលប្រចាំការជាប់នៅតាមប៉ុស្តិមូលដ្ឋាន ចាំបាច់ត្រូវរាយការណ៏ជាបន្ទាន់មកស្នងការដ្ឋាន ដើម្បីមានវិធានការនិងធ្វើការទប់ស្កាត់អោយបាន មិនអោយកើតមាននៅសកម្មភាពកៀងគរ ប្រមូលផ្តុំគ្នារបស់ក្រុមសកម្មជនទាំងនោះ ដែលក្រុមទាំងនោះមិនសុខចិត្ត បំរុងនិងលើកគ្នាឡើងប្រឆាំងនិងការកាត់ក្តីរបស់តុលាការកំពូលរំលាយគណៈបក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះមន្ត្រីនគរបាលទាំងអស់មិនត្រូវមានការឆ្វេសប្រហែសឡើយក្នុងកំឡុងពេលដែលមានស្ថានការតានតឹងនេះ ត្រូវតែត្រួតពិនិត្យអោយអស់លើសកម្មភាព ប្រមូលផ្តុំរបស់ក្រុមសកម្មជនរបស់គណបក្សប្រឆាំង ជាពិសេសត្រូវធ្វើការពិនិត្យលើអាវុធជាតិផ្ទុះ ។
ក្នុងនោះលោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តបានមានប្រសាសន៏ដោយសង្កត់ធ្ងន់ថា ការដឹកនាំ កងកំលាំងត្រូវប្រកាន់ខ្ជាប់ជានិច្ចនៅវិន័យអោយបានតឹងរឹង និងសេចក្តីថ្លៃថ្នូរ ដូច្នេះមន្ត្រីនគរបាលដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែការពាររាជរដ្ឋាភិបាលដែលកើតចេញឡើងពីការបោះឆ្នោតគាំទ្រដោយប្រជារាស្ត្ររស្របច្បាប់ដោយឥតលក្ខ័ណ្ឌ ។ តាកែវ