ព្រះសីហនុ៖កាលពីសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គណប្រតិភូពាណិជ្ជករទីក្រុងកានចូវ ខេត្តជាំងសូ នៃសាធារណរដ្ឋប្រជា មានិតចិន ដឹកនាំដោយលោក Zhang Xiaoningអភិបាល ក្រុងកានចូវ ខេត្តជាំងសូ នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះ សីហនុ ដើម្បីពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ការចងសម្ពន្ធ័ភាព និងការធ្វើវិនិយោគនៅខេត្តព្រះ សីហនុ ។
លោក Zhang Xiaoning អភិបាលក្រុងកានចូវ ខេត្តជាំងសូ នៃសាធារណរដ្ឋប្រជាមានិតចិនមានប្រសាសន៍ថា គណៈប្រតិភូពាណិជ្ជកម្មទីក្រុងកានចូវបានចូលជួប និងពិភាក្សាការងារនាពេលនេះ ក្នុងគោលបំណងពីរ៖
ទី១.កិច្ចសហប្រតិបត្តិការរវាងទីក្រុងកានចូវ និងខេត្តព្រះសីហនុ និងការចងសម្ពន្ធ័ភាព ។
២. ឈ្វេងយល់ពីសេដ្ឋកិច្ចខេត្តព្រះសីហនុ ។
លោក Zhang Xiaoningអោយដឹងថា៖ក្រុងកានចូវ ជាទីក្រុងចំណាស់ មានប្រជាជន ៩៧០មឺននាក់ មានផ្ទៃដី ៣មឺនម៉ែត្រការ៉េ។ ក្រុងកានចូវ បានក្លាយជាទីក្រុងល្អ រីកចម្រើនលូតលាស់ក្នុងចំណោមទីក្រុងទាំង១០ នៃប្រទេសចិនក្នុងឆ្នាំ២០១៦ ដែលមានទិដ្ឋភាពស្រស់។
បច្ចុប្បន្នទីក្រុងកានចូវ មានក្រុមហ៊ុនផលិតគ្រឿងយន្តបំរើការងារក្នុងផ្ទះ, ការផលិតថ្នាំបុរាណចិន ,ការផលិតថ្នាំបែបអ៊ឺរ៉ុប ,និងការផលិតអេឡិចត្រូនិក ហើយក៍ជាទីក្រុងមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងមានកំពង់ផែសមុទ្រ មានទំនិញឆ្លងកាត់ទៅកាន់ប្រទេសលើពិភពលោក ។
លោក Zhang Xiaoning បានបន្តថា ដំណើរទស្សនកិច្ចរបស់ប្រតិភូពាណិជ្ជកម្មទីក្រុងកានចូវនាពេលនេះ ដើម្បីឈ្វេង យល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ នឹងចង់មកធ្វើការវិនិយោគផ្នែកសណ្ឋាគារ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការអនុគ្រោះចំពោះអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀតគម្រោងចង់ធ្វើការមកវិនិយោគនៅខេត្តព្រះសីហនុ គឺដើម្បីអភិវឌ្ឍន៍ខេត្តនេះដើម្បីតភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែរីកលូតលាស់ ស្របតាមគោល នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ឯកឧត្តម ស៊ីវ ជីងពីង ប្រធានាធិបតីចិន ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ស្វាគមន៍ប្រតិភូពាណិជ្ជករទីក្រុងកានចូវ ដែលបានមកទស្សនកិច្ចសិក្សាឈ្វេងយល់ពីការវិនិ យោគនៅខេត្តព្រះសីហនុ ។
ឯឧ យន្ត មីន បន្តថា ដោយសារមិត្តភាពរវាងកម្ពុជា និងចិនមានភាពល្អ ខេត្តព្រះសីហនុមានសក្តានុពល និងភូមិសាស្ត្រជាប់មាត់សមុទ្រ មានកំពង់ផែទឹកជ្រៅក្នុងប្រទេសកម្ពុជា ដែលជាបំពង់ករសេដ្ឋកិច្ច និងមានកុងតីន័រឆ្លងកាត់ជាង ៧០% ខេត្តមានឆ្នេរសមុទ្រប្រវែង ៧៥គីឡូម៉ែត្រ ។ឆ្នេរសមុទ្រកម្ពុជាបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតពិភពលោក មានកោះ ៣២ ប្រជុំដោយផ្ការថ្ម និងជីវៈចម្រុះ ជាសក្តានុពលដែលធម្មជាតិបន្យល់ទុក សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនជារៀងរាល់ឆ្នាំ ។
ឯកឧត្តម យន្ត មីន បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ និងជម្រុញខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណងធំជាងគេក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នមានអ្នកវិនិយោគ មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុមានកាកើនឡើង ពិសេសអ្នកវិនិយោគគិនចិននាំមុខគេ។
ដោយឡែកវិស័យទេសចរណ៍ មានអ្នកវិនិយោគរុស្ស៊ីកំពុងសិក្សាកំណត់យកខេត្តព្រះ សីហនុ ជាគោលដៅទេសចរណ៍ ដោយសិក្សាការពង្រីកព្រលានយន្តហោះអន្តរជាតិកងកេង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ដើម្បីឱ្យយន្តហោះរុស្ស៊ីធុនធំចុះចតបាន នេះជាឱកាសវិនិយោគលើវិស័យទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន ក៍បានសំណូមពរដល់លោកអភិបាលក្រុងកានចូវ ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវិនិយោគរបស់ខេត្តព្រះហនុ ដល់ប្រជាជនចិន ដោយសារបច្ចុប្បន្នមានអ្នកទេសចរចិនជាច្រើនចេញមកកម្សាន្តក្រៅប្រទេសច្រើន។
ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍របស់ប្រជាជនចិនផងដែរ ៕
អត្ថបទ៖ មុន្នី