ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ត្រី កុល ផាលីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ហាញថា៖ ក្នុងឆ្នាំ២០១៧នេះ កងកម្លាំងនគរបាលខេត្តព្រះសីហនុ បង្រ្កាបបទល្មើស គ្រឿងញៀនបានចំនួន២០៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៥៧នាក់ ស្រី៥១នាក់។ ចាប់យកបានថ្នាំញៀនចំនួន៦៣២កញ្ចប់ ទម្ងន់៥៣៦,៩១ក្រាម កញ្ឆាក្រៀម៦៨២,១៨ក្រាម និង ឧបករណ៍ពាក់ព័ន្ធផលិត និង ប្រេីប្រាស់ គ្រឿងញៀនជាច្រើនមុខទៀត។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនាឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ កិច្ចប្រតិបត្តិការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៣ខែ វិច្ឆិកា ឆ្នាំ ២០១៧នៅសាលាខេត្តព្រះសីហនុនេះផងដែរក្រោមវត្តមានលោក ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ។
ឯកឧត្ដមម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិបានអោយដឹងថា៖ ការបង្ការទប់ស្កាត់ បង្ក្រាបគ្រឿងញៀន អាចទទួលជោគជ័យទៅបានយើងត្រូវបង្កើតចលនាថ្នាក់ជាតិបំផុសគ្រប់ស្រទាប់មហាជន ចូលរួមទាំងអស់គ្នា។
សារបែបនេះលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ តែងបានរំលេចឡើងគ្រាដែលលោកម៉ក់ ជីតូ បានធ្វេីបទបង្ហាញ អំពីកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅ ទូទាំងប្រទេស ក្នុងបណ្តាឆ្នាំ២០១៧កន្លងទៅនេះ។
គួរកត់សំគាល់ថាបញ្ហាគ្រឿងញៀននេះនៅតែជាបញ្ហាគួរអោយព្រួយបារម្ភខណៈដែលការប្រើប្រាស់ ការចែកចាយ បាននឹងកំពុងបន្តរីករាលដាលស្ទើរគ្រប់មូលដ្ឋានតាំងពីក្រុងរហូតដល់ទីជនបទបើទោះជាថ្នាក់ដឹកនាំក៍ដូចជាសមត្ថកិច្ចពាក់ពន្ធ័ខិតខំបង្ក្រាបយ៉ាងសកម្មយ៉ាងណាក្តី៕